តារាវាយកូនបាល់នារីលំដាប់កំពូលពិភពលោក Aryna Sabalenka បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីប្រាក់រង្វាន់ប្រកួត និងព្រមានថា កីឡាករ-កីឡាការិនីមួយចំនួនធំអាចនឹងធ្វើពហិការបដិសេធមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Grand Slam, French Open ប្រសិនបើមិនមានការកែសម្រួលបន្ថែមលើប្រាក់រង្វាន់។

ការប្រកាសនេះកើតឡើងនៅចំកណ្ដាលវិវាទក្តៅគគុករវាងកីឡាករ និងអ្នករៀបចំការប្រកួត Roland Garros បន្ទាប់ពីមានការកើនឡើងប្រាក់រង្វាន់ប្រមាណ ៩.៥% សម្រាប់ឆ្នាំនេះ រឺសរុបជាទឹកប្រាក់ ៧២ លានដុល្លារ។ ទោះជាយ៉ាងណា កីឡាករ-កីឡាការិនីជាច្រើនគិតថា ចំនួននេះនៅតែទាបបើប្រៀបធៀបទៅនឹងប្រាក់ចំណូលសរុបនៃព្រឹត្តិការណ៍ទទួលបាន។
Sabalenka និងកីឡាករលេខ ១ ពិភពលោកផ្នែកបុរស Jannik Sinner រួមជាមួយកីឡាករផ្សេងៗ បានចេញសេចក្តីថ្លែងការណ៍ថា ប្រាក់រង្វាន់ដែលពួកគេទទួលបាន អាចនៅតែតិចជាង ១៥% នៃប្រាក់ចំណូលសរុបរបស់ព្រឹត្តិការណ៍។
ទោះបីជាយ៉ាងណា Sabalenka ក៏បង្ហាញក្តីសង្ឃឹមថា ការចរចារវាងភាគីទាំងពីរនឹងនាំឲ្យមានដំណោះស្រាយល្អប្រសើរឆាប់ៗនេះ។
បើប្រៀបធៀបទៅនឹង Grand Slam ផ្សេងៗ US Open បានផ្តល់ប្រាក់រង្វាន់ប្រមាណ ៩០ លានដុល្លារកាលពីឆ្នាំមុន ខណៈ Wimbledon មានប្រហែល ៧២.៥ លានដុល្លារ និង Australian Open ៨០ លានដុល្លារនៅឆ្នាំនេះ។
រហូតមកដល់ពេលនេះ សហព័ន្ធកីឡាវាយកូនបាល់បារាំង មិនទាន់មានប្រតិកម្មជាផ្លូវការទៅនឹងការអះអាងនេះឡើយ៕ អត្ថបទ៖នាង សុភាវុធ
