លោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា លោកកំពុងផ្អាកកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការដឹកនាំនាវាដែលជាប់គាំងចេញពីច្រកសមុទ្រហ័រមូស ដើម្បីផ្តល់ពេលវេលាសម្រាប់កិច្ចព្រមព្រៀង ក្នុងការបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ប៉ុន្តែការបិទផ្លូវកំពង់ផែអ៊ីរ៉ង់របស់កងកម្លាំងអាមេរិក នឹងនៅតែមានសុពលភាព។

លោក ត្រាំ បានប្រកាសពីការសម្រេចចិត្តនេះ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយនិយាយថា កិច្ចខិតខំប្រឹងប្រែងនេះ ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទនៅក្នុងផ្លូវទឹកដ៏សំខាន់សម្រាប់ថាមពលសកល នឹងផ្អាកមួយរយៈពេលខ្លី ដើម្បីមើលថាតើកិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ស្តីពីការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា អាចត្រូវបានបញ្ចប់ឬអត់។
លោក ត្រាំ បាននិយាយថា ការសម្រេចនេះ គឺផ្អែកលើ «សំណើរបស់ប៉ាគីស្ថាន និងប្រទេសដទៃទៀត ភាពជោគជ័យផ្នែកយោធាដ៏អស្ចារ្យដែលយើងមានអំឡុងពេលយុទ្ធនាការប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ និងលើសពីនេះទៀត ការពិតដែលថា វឌ្ឍនភាពដ៏អស្ចារ្យត្រូវបានធ្វើឡើងឆ្ពោះទៅរកកិច្ចព្រមព្រៀងពេញលេញ និងចុងក្រោយជាមួយតំណាងអ៊ីរ៉ង់»។

សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយសម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីវឌ្ឍនភាពក្នុងការចរចាដែលលោក ត្រាំ បានលើកឡើងនោះទេ។ កិច្ចចរចាភាគច្រើនបានជាប់គាំង ទោះបីជាបទឈប់បាញ់ដែលបានកើតឡើងជិតមួយខែមុន នៅមានសុពលភាពក៏ដោយ៕