ប្រទេសគុយបា កាលពីថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) បានចោទប្រកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ថា បាននិយាយកុហក នៅពេលដែលលោកបានបដិសេធថា សហរដ្ឋអាមេរិកមិនបានបិទខ្ទប់ផ្លូវដឹកជញ្ជូនប្រេងទៅគុយបាទេ។

គុយបាបានជួបប្រទះនឹងការលំបាកយ៉ាងខ្លាំង ដោយសារវិបត្តិថាមពល ចាប់តាំងពីខែមករាមក នៅពេលដែលកងកម្លាំងអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា និងជាសម្ព័ន្ធមិត្តគុយបា គឺលោក Nicolas Maduro ហើយទីក្រុងវ៉ាស៊ីនតោនបានគំរាមដំឡើងពន្ធលើប្រទេសណាដែលបញ្ចូនប្រេងឆៅទៅប្រទេសកោះដែលដឹកនាំដោយលទ្ធិកុម្មុយនីស្តមួយនេះ។ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានសរសេរនៅលើបណ្ដាញសង្គម X ថា លោក Rubio «គ្រាន់តែជ្រើសរើសការនិយាយកុហក« ហើយថា លោក «បាននិយាយផ្ទុយពីប្រធានាធិបតី និងអ្នកនាំពាក្យសេតវិមាន»។

ការលើកឡើងរបស់លោក Rodriguez នេះ គឺជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយដែលធ្វើឡើងដោយលោក Rubio នៅសេតវិមាន កាលពីប៉ុន្មានម៉ោងមុននោះ។ អំឡុងសន្និសីទសារព័ត៌មាន នៅសេតវិមាន លោក Rubio បាននិយាយថា៖ «មិនមានការបិទខ្ទប់ផ្លូវដឹកជញ្ជូនប្រេងនៅប្រទេសគុយបាទេ»។ លោកបានបន្ថែមថា៖ «នេះជាអ្វីដែលកំពុងកើតឡើងជាមួយប្រទេសគុយបា។ គុយបាធ្លាប់ទទួលបានប្រេងដោយឥតគិតថ្លៃពីវ៉េណេស៊ុយអេឡា ពោលគឺពួកគេបានប្រេងដោយឥតគិតថ្លៃមួយចំនួន។ ពួកគេនឹងយកប្រេងប្រហែល ៦០ភាគរយនោះ ហើយលក់វាយកប្រាក់។ ការធ្វើនោះនឹងមិនផ្តល់ផលប្រយោជន៍ដល់ប្រជាជននោះទេ»។
លោក Rubio បានសង្កត់ធ្ងន់ថា៖ «ដូច្នេះ ការបិទផ្លូវតែមួយគត់ដែលបានកើតឡើង គឺជាការជ្រើសរើសរបស់ប្រជាជនគុយបា ខ្ញុំចង់មានន័យថា ប្រជាជនវ៉ណេស៊ុយអេឡាបានសម្រេចចិត្តថា ពួកគេលែងផ្តល់ប្រេងឲ្យដោយមិនយកថ្លៃទៀតហើយ»។
សម្រាប់លោក Rodriguez រដ្ឋមន្ត្រីការបរទេសគុយបារូបនេះ ក៏បានថ្កោលទោសផងដែរ ចំពោះការដាក់ទណ្ឌកម្មបន្ថែម លើវិស័យថាមពលរបស់គុយបាដែលបានប្រកាសដោយប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃទី១ ខែឧសភា៕
