ម្ចាស់រោងចក្រ និងពាណិជ្ជករចិន ព្រមានថា ទំនិញនានា ដូចជាម៉ាស៊ីនបូមធូលីជាដើម អាចមានតម្លៃកាន់តែថ្លៃ ប្រសិនបើសង្គ្រាមអ៊ីរ៉ង់អូសបន្លាយពេលយូរជាងនេះ ខណៈដែលមជ្ឈមណ្ឌលផលិតកម្មរបស់ពិភពលោក កំពុងរងផលប៉ះពាល់ដោយការចំណាយថ្លៃដើម «ខ្ពស់មិនគួរឲ្យជឿ»។
ជាច្រើនសប្តាហ៍នៃការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ និងការបិទច្រកសមុទ្រ Hormuz ប្រកបដោយប្រសិទ្ធភាព បានធ្វើឲ្យរាំងស្ទះដល់ការផ្គត់ផ្គង់ប្រេង នៅអាស៊ី ដោយរារាំងការផលិតប្លាស្ទិក ដែលមានប្រភពពីប្រេង នៅទូទាំងតំបន់។
ទីកន្លែងផលិតកម្មដៅធំជាងគេ គឺចិន ត្រូវបានការពារយ៉ាងល្អគួរសមពីការខ្វះខាតប្រេងឥន្ធនៈ ដោយសារប្រេងបម្រុង និងថាមពលកកើតឡើងវិញ ប៉ុន្តែរោងចក្រក្នុងស្រុក កំពុងចំណាយកាន់តែខ្ពស់លើថ្លៃវត្ថុធាតុដើម។
លោក Bryant Chen អ្នកគ្រប់គ្រង នៅរោងចក្រផលិតម៉ាស៊ីនបូមធូលី RIMOO នៅភាគខាងត្បូងខេត្ត Guangdong បាននិយាយថា៖ «ជាទូទៅ យើងបានខាតបង់ប្រាក់លើការបញ្ជាទិញទាំងអស់របស់យើង»។ លោក Chen បានប្រាប់សារព័ត៌មាន AFP ថា តម្លៃប្លាស្ទិកបានហក់ឡើងប្រហែល ៥០ភាគរយ ចាប់តាំងពីមុនសង្គ្រាមអ៊ីរ៉ង់។
ចំណែកពាណិជ្ជករម្នាក់ បាននិយាយថា សង្គ្រាមអ៊ីរ៉ង់បានប៉ះពាល់ដល់ការផលិតប្លាស្ទិកកាន់តែខ្លាំង ជាងវិបត្តិដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ ទៅទៀត នៅពេលដែលនាវាមិនអាចមកដល់ និងចាកចេញពីប្រទេសចិនបាន។
ជាមួយគ្នានេះ សម្រាប់អ្នកនាំចេញ វិបត្តិមជ្ឈិមបូព៌ា បានបន្ថែមទៅលើផលវិបាកដែលនៅតែមាន ដោយសារការដំឡើងពន្ធសកលយ៉ាងទូលំទូលាយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងឆ្នាំ២០២៥៕

