រដ្ឋមន្ត្រីការបរទេស លោក Cho Hyun បាននិយាយនៅថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) ថា ប្រទេសកូរ៉េខាងត្បូងនឹងបន្តពង្រឹងសម្ព័ន្ធភាពរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ទោះបីជាមានក្ដីបារម្ភកាន់តែខ្លាំងឡើង អំពីភាពតានតឹង ក្នុងទំនាក់ទំនងទ្វេភាគីក៏ដោយ។
នៅក្នុងសុន្ទរកថាសំខាន់មួយដែលបានថ្លែងនៅឯរដ្ឋសភាកូរ៉េខាងត្បូង ក្នុងទីក្រុងសេអ៊ូល លោក Cho បានសង្កត់ធ្ងន់ថា ភាពជាដៃគូជាមួយទីក្រុងវ៉ាស៊ីនតោន នៅតែជាចំណុចកណ្តាលនៃគោលនយោបាយការបរទេស និងសន្តិសុខរបស់ទីក្រុងសេអ៊ូល។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Yonhap។

លោក Cho បាននិយាយថា៖ «ទោះបីជាមានពាក្យចចាមអារ៉ាម និងក្ដីបារម្ភជាច្រើន អំពីទំនាក់ទំនងកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក៏ខ្ញុំជឿថា វាកើតចេញពីអារម្មណ៍ព្រួយបារម្ភ និងការភ្ជាប់ទំនាក់ទំនងយ៉ាងជ្រាលជ្រៅ ចំពោះសម្ព័ន្ធភាព»។
ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់លើតម្រូវការនៃការការ «ការទំនាក់ទំនងជិតស្និទ្ធ និងញឹកញាប់» ដើម្បីដោះស្រាយបញ្ហាដែលមិនទាន់សម្រេចបាន ដោយបញ្ជាក់ថា ការគោរពគ្នាទៅវិញទៅមក នឹងណែនាំកិច្ចប្រឹងប្រែង ដើម្បីពង្រឹងទំនុកចិត្ត រវាងប្រទេសទាំង២។
គួរបញ្ជាក់ថា សញ្ញានៃភាពតានតឹង រវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានលេចចេញឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានរឹតត្បិតការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ ពាក់ព័ន្ធនឹងកូរ៉េខាងជើង ជុំវិញការលេចធ្លាយព័ត៌មាន ខណៈពេលដែលជម្លោះក៏បានកើនឡើងផងដែរ ដោយសារការស៊ើបអង្កេតរបស់ទីក្រុងសេអ៊ូលទៅលើក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកលំដាប់យក្ស Coupang៕

