កងទ័ពសហរដ្ឋអាមេរិក កាលពីថ្ងៃអង្ការ (ទី៥ ខែឧសភា ឆ្នាំ២០២៦) បានបាញ់មីស៊ីល Tomahawk ពីប្រព័ន្ធជើងទម្របាញ់មីស៊ីល Typhon Mid-Range Capability របស់ខ្លួន នៅក្នុងដែនដីរបស់ហ្វីលីពីន នាអំឡុងពេលធ្វើសមយុទ្ធយោធា ដោយនេះជាលើកដំបូងដែលមានការបាញ់អាវុធបែបនេះ ចាប់តាំងពីប្រព័ន្ធនេះត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសនេះ កាលពី ២ឆ្នាំមុន ជាអ្វីដែលទទួលបានការរិះគន់ពីចិន។
ដោយត្រូវបានផលិតដោយក្រុមហ៊ុន Lockheed Martin ប្រព័ន្ធ Typhon ត្រូវបានដឹកចម្ងាយ ១២.៨៧៥ គីឡូម៉ែត្រ ពីមូលដ្ឋានរួម Lewis-McChord ក្នុងរដ្ឋ Washington សហរដ្ឋអាមេរិក ទៅកាន់កោះ Luzon របស់ហ្វីលីពីន ជាផ្នែកមួយនៃសមយុទ្ធយោធាដែលមានឈ្មោះថា Salaknib ហើយវានៅតែជាធនធានយុទ្ធសាស្ត្រ។ កងទ័ពបានផ្លាស់ទីប្រព័ន្ធនេះ នៅក្នុងសណ្ឋានដីដ៏លំបាក និងក្តៅ ប៉ុន្តែមិនមានការបាញ់នោះឡើយ នៅក្នុងសមយុទ្ធមុនៗ។
នៅក្នុងបទសម្ភាសន៍ កាលពីថ្ងៃទី៤ ខែឧសភា មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក លោកឧត្តមសេនីយ៍ Ronald Clark បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Bloomberg ថា ប្រព័ន្ធ Typhon «ត្រូវបានស្នើសុំយ៉ាងខ្លាំងពីដៃគូ និងសម្ព័ន្ធមិត្តមួយចំនួនរបស់យើង ហើយតាមការស្នើសុំរបស់ពួកគេ យើងបានដាក់ពង្រាយ។ វាគឺជាសមត្ថភាពទប់ស្កាត់ជាយុទ្ធសាស្ត្រដ៏ល្អមួយ»។

យោធាអាមេរិក និងហ្វីលីពីន បានបន្តកសាងទំនាក់ទំនងយូរអង្វែង ដោយការមានសមយុទ្ធប្រចាំឆ្នាំរួមគ្នា ដែលគេស្គាល់ថា Balikatan ដែលបានបន្តអភិវឌ្ឍទាំងទំហំ មាត្រដ្ឋាន និងភាពស្មុគស្មាញ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ប្រទេសចិនបានប្រឆាំងនឹងការដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon ដោយអះអាងថា ការធ្វើបែបនោះបាននាំឲ្យសន្តិសុខនៅក្នុងតំបន់មិនមានស្ថិរភាព ហើយបានជំរុញឲ្យប្រទេសហ្វីលីពីនដកអាវុធនោះចេញ និង «កែតម្រូវកំហុសឆ្គងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

