រដ្ឋមន្ត្រីស៊ែរប៊ីទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ លោក Nenad Popovic បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថា កិច្ចសហប្រតិបត្តិការថាមពលជាមួយរុស្ស៊ី នៅតែជាកត្តាសំខាន់មួយ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចស៊ែរប៊ីមានស្ថិរភាព រួមទាំងដោយសារតែលក្ខខណ្ឌអំណោយផលសម្រាប់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីដល់ប្រទេសនេះ។

លោកបាននិយាយថា៖«កិច្ចសហប្រតិបត្តិការថាមពលជាមួយរុស្ស៊ី នៅតែជាកត្តាសំខាន់មួយនៅក្នុងធ្វើឲ្យ សេដ្ឋកិច្ចស៊ែរប៊ីមានលំនឹង។ ស៊ែរប៊ីទទួលបានឧស្ម័នក្នុងតម្លៃអំណោយផលបំផុតនៅអឺរ៉ុប និងលើលក្ខខណ្ឌផ្គត់ផ្គង់ដ៏ល្អបំផុត។ ប៉ុន្តែសំខាន់បំផុត វាគឺជាភាពជឿជាក់នៃការផ្គត់ផ្គង់ឧស្ម័ន។ បច្ចុប្បន្ននេះ តម្លៃឧស្ម័ន និងប្រេងសកល កំពុងកើនឡើងជារៀងរាល់ថ្ងៃ។ ទាំងអស់នេះ ប៉ះពាល់ដល់សន្តិសុខថាមពលរបស់គ្រប់ប្រទេសនេះ។ ស៊ែរប៊ីទទួលបានការផ្គត់ផ្គង់ដែលអាចទុកចិត្តបានពីរុស្ស៊ី។ សន្តិសុខថាមពលរបស់យើងធានាសន្តិសុខរបស់ប្រទេសនាពេលអនាគត» ដោយពណ៌នាអំពីរុស្ស៊ី និង Gazprom ជាដៃគូសេដ្ឋកិច្ចសំខាន់ៗ។
លោករដ្ឋមន្ត្រីបានបន្ថែមថា៖«អំឡុងពេលសន្ទនាតាមទូរស័ព្ទថ្មីៗនេះ រវាងប្រធានាធិបតីរបស់យើង លោក Aleksandar Vucic និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានបទផ្សេងៗ ត្រូវបានពិភាក្សា រួមទាំងសន្តិសុខថាមពលផងដែរ។ ទាំងនេះ គឺជាកិច្ចព្រមព្រៀងនៅកម្រិតខ្ពស់បំផុត។ ការទាក់ទងគ្នាជាប្រចាំរវាងប្រធានាធិបតីរបស់យើង គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង»៕
