អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរការការទូត និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ដើម្បីទប់ស្កាត់កុំឲ្យមានការកើនឡើងបន្ថែមទៀតនូវភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រវាងអ្នកការទូតជាន់ខ្ពស់នៃប្រទេសទាំង២ នៅថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) នេះ។ នេះបើយោងតាមក្រសួងការបរទេសអ៊ីរ៉ង់។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ដែលពេលនេះកំពុងស្ថិតនៅឯទីក្រុងប៉េកាំង ដើម្បីពិភាក្សាជាមួយមន្ត្រីចិន បានជជែកតាមទូរស័ព្ទជាមួយសមភាគីអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan។
យោងតាមសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា ភាគីទាំង២ បានពិភាក្សាអំពីការវិវត្តថ្មីៗបំផុត ក្នុងតំបន់ និងបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការបន្តកិច្ចប្រឹងប្រែងផ្នែកការទូត និងការសម្របសម្រួល ក្នុងចំណោមប្រទេស ក្នុងតំបន់ ដើម្បីទប់ស្កាត់កុំឲ្យភាពតានតឹងកើនឡើង។ មិនមានសេចក្តីថ្លែងការណ៍ភ្លាមៗពីអារ៉ាប៊ីសាអ៊ូឌីត ស្តីពីកិច្ចពិភាក្សានេះទេ
គួរបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់បានកើនឡើង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាម លើអ៊ីរ៉ង់ កាលពីខែកុម្ភៈ ដោយបានសម្លាប់មនុស្សជាង ៣.៣០០នាក់ និងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ទីលំនៅ។ យ៉ាងហោចណាស់មានទាហានអាមេរិក ១៣នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ក្នុងអំឡុងជម្លោះដែលបានឃើញអ៊ីរ៉ង់សងសឹក ដោយការវាយប្រហារលើមូលដ្ឋានទ័ព និងធនធានរបស់សហរដ្ឋអាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា៕
