នាយករដ្ឋមន្ត្រីប៉ាគីស្ថាន នៅថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) នេះ បានស្វាគមន៍ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការផ្អាកប្រតិបត្តិការ Project Freedom (គម្រោងសេរីភាព) នៅច្រកសមុទ្រ Hormuz ដោយបង្ហាញក្តីសង្ឃឹមថា សន្ទុះបច្ចុប្បន្ននេះ នឹងនាំទៅរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង ជាមួយប្រទេសអ៊ីរ៉ង់។

លោក Shehbaz Sharif បានសរសេរនៅលើវេទិកាបណ្ដាញសង្គម X ថា៖ «ប្រទេសប៉ាគីស្ថាននៅតែប្តេជ្ញាចិត្តយ៉ាងម៉ងម៉ាត់ ក្នុងការគាំទ្រកិច្ចប្រឹងប្រែងទាំងអស់ដែលលើកកម្ពស់ការអត់ធ្មត់ និងដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះ តាមរយៈការសន្ទនា និងការទូត។ យើងមានសង្ឃឹមយ៉ាងមុតមាំថា សន្ទុះបច្ចុប្បន្ននេះ នឹងនាំទៅរកកិច្ចព្រមព្រៀងយូរអង្វែងដែលធានាឲ្យមានសន្តិភាព និងស្ថិរភាពយូរអង្វែង សម្រាប់តំបន់នេះ និងកន្លែងផ្សេងទៀត»។
លោកបានបន្ថែមថា ការឆ្លើយតប «ដ៏សប្បុរស» របស់លោក Trump ចំពោះសំណើដែលធ្វើឡើងដោយប៉ាគីស្ថាន និងប្រទេស «បងប្អូន» ផ្សេងទៀត ជាពិសេសរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman «នឹងរួមចំណែកយ៉ាងខ្លាំងដល់ការជំរុញសន្តិភាព ស្ថិរភាព និងការផ្សះផ្សាក្នុងតំបន់ នាអំឡុងពេលដ៏រសើបនេះ»។
គួរបញ្ជាក់ថា លោក Trump បានប្រកាសកាលពីថ្ងៃអង្គារថា យោធាអាមេរិក នឹងផ្អាកប្រតិបត្តិការ Project Freedom ជាបណ្តោះអាសន្ន ដែលជាកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីស្តារសេរីភាពនៃការធ្វើនាវាចរណ៍ សម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្មតាមរយៈច្រកសមុទ្រ Hormuz។ លោក Trump បាននិយាយថា ការសម្រេចនេះត្រូវបានធ្វើឡើងតាមការស្នើរបស់ប៉ាគីស្ថាន និងប្រទេសដទៃទៀត បន្ទាប់ពីមាននូវអ្វីដែលលោកហៅថា «ភាពជោគជ័យផ្នែកយោធាដ៏អស្ចារ្យ» នៅក្នុងយុទ្ធនាការរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់៕
