កងកម្លាំងការពារខ្លួនជប៉ុន បានបាញ់មីស៊ីលប្រឆាំងនាវា Type 88 អំឡុងសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក អូស្រ្តាលី និងហ្វីលីពីននៅថ្ងៃពុធនេះ ដោយវាយប្រហារនាវាលែងប្រើប្រាស់របស់កងទ័ពជើងទឹកហ្វីលីពីន នៅក្នុងដែនទឹកទល់មុខសមុទ្រជម្លោះចិនខាងត្បូង ។
សមយុទ្ធយោធានេះ បានធ្វើឡើង ពេលដែលទីក្រុងម៉ានីល និងទីក្រុងតូក្យូ ចាប់ផ្តើមកិច្ចប្រជុំលើការផ្ទេរគ្រឿងយុទ្ធោបករណ៍ការពារជាតិដ៏មានសក្តានុពល ដែលអាចធ្វើទៅបានដោយសារការសម្រេចចិត្តរបស់ជប៉ុន ក្នុងការលុបចោលការរឹតត្បិតការនាំចេញផ្នែកយោធា ។
រដ្ឋមន្រ្តីការពារជាតិហ្វីលីពីនលោក Gilberto Teodoro និងរដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Shinjiro Koizumi បានមើលការបាញ់មីស៊ីលពិតនេះ នៅនឹងកន្លែង ខណៈប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos មើលសមយុទ្ធនេះ ពីទីបញ្ជាការកណ្តាលយោធាស្ថិតក្នុងទីក្រុងម៉ានីល តាមវីដេអូផ្សាយផ្ទាល់ ។
យោធាហ្វីលីពីន និយាយថា មីស៊ីល Type 88 ២គ្រាប់ ត្រូវបានបាញ់ដោយមានគោលដៅលើនាវា BRP Quezon ក្នុងរយៈពេល ៦នាទីនៃការបាញ់ ។ ការវាយប្រហារនេះ បានធ្វើឡើងនៅចម្ងាយប្រហែល ៧៥គ.ម ពីតំបន់ឆ្នេរទីក្រុង Paoay ស្ថិតនៅតំបន់ភាគខាងជើងហ្វីលីពីន ដែលទល់មុខនឹងសមុទ្រចិនខាងត្បូង ។
សូមបញ្ជាក់ថា ទាហានជាង ១៧.០០០ កំពុងចូលរួមសមយុទ្ធយោធាឆ្នាំនេះ រួមទាំងទាហាន ១.៤០០នាក់ មកពីសម្ព័ន្ធមិត្តជប៉ុន និងទាហាន ១ម៉ឺននាក់ មកពីសហរដ្ឋអាមេរិក បើទោះបីជាទីក្រុងវ៉ាស៊ីនតោន នៅជាប់ដៃក្នុងសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាក៏ដោយ ៕

