បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីវៀតណាមលោក To Lam ដែលស្ថិតក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទីក្រុងញូវដែលី នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និយាយថា ប្រទេសរបស់លោកមានបំណងសម្រេចគោលដៅពាណិជ្ជកម្មក្នុងទំហំទឹកប្រាក់ ២៥ពាន់លានដុល្លារជាមួយវៀតណាម គិតត្រឹមឆ្នាំ ២០៣០ ។
លោក Modi និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃពុធនេះ ស្របពេលដែលប្រទេសទាំង ២បង្កើនទំនាក់ទំនងរបស់ពួកគេ ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនោះ ថា តាមរយៈគំនិតផ្តួចផ្តើមថ្មីលើរ៉ែសំខាន់ រ៉ែកម្រ និងកិច្ចសហប្រតិបត្តិការថាមពល ពួកយើងនឹងធានាសន្តិសុខសេដ្ឋកិច្ច និងភាពធន់ខ្សែចង្វាក់ផ្គត់ផ្គង់នៃប្រទេសទាំង ២ ។
គួរឲ្យដឹងថា ពាណិជ្ជកម្មរវាងឥណ្ឌា និងវៀតណាម បានឆ្លងផុត ១៦ពាន់លានដុល្លារ នៅក្នុងឆ្នាំសារពើពន្ធឥណ្ឌា ដែលបានបញ្ចប់ទៅនៅខែមីនា ឆ្នាំ ២០២៦ ។
លោក Lam និយាយដែរថា ប្រទេសទាំង ២ បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខផងដែរ ។
សូមបញ្ជាក់ថា ឥណ្ឌាចាត់ទុកវៀតណាមថា ជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីធានាដល់ស្ថិរភាពនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលឥទ្ធិពលកើនឡើងរបស់ចិន ៕