ក្រុមហ៊ុនដឹកជញ្ជូន HMM របស់កូរ៉េខាងត្បូងនិយាយនៅថ្ងៃពុធនេះថា ពួកគេមានទូកមួយគ្រឿង ដើម្បីសណ្តោងនាវាដឹកទំនិញដែលខ្លួនប្រតិបត្តិការទៅកាន់កំពង់ផែនៅទីក្រុង Dubai ក្រោយការផ្ទុះ និងអគ្គិភ័យបណ្តាលឲ្យខូចខាតនាវាមួយគ្រឿងនេះ និងជានាវាដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz ។
យោងតាមការអះអាងរបស់ក្រុមហ៊ុន បានឲ្យដឹងថា នាវា HMM Namu ដោតទង់ជាតិប៉ាណាម៉ា បានរងការផ្ទុះ និងឆាបឆេះជាអគ្គិភ័យឡើងកាលពីល្ងាចថ្ងៃចន្ទ ។ ក្រោយមកអគ្គិភ័យ ត្រូវបានពន្លត់វិញ ដោយគ្មានគ្រោះថ្នាក់អ្វីឡើយ ហើយសមាជិកនាវិកទាំង ២៤រូប បន្តស្ថិតនៅលើនាវា ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដាក់ការស្តីបន្ទោសឧបទ្ទេវហេតុមួយនេះ លើការវាយប្រហាររបស់អ៊ីរ៉ង់ ខណៈក្រសួងការបរទេសកូរ៉េខាងត្បូង និយាយថា មូលហេតុនៃអគ្គិភ័យ នឹងត្រូវបញ្ជាក់ ក្រោយនាវាសណ្តោងវិលត្រឡប់មកដល់កំពង់ផែវិញ ហើយនិងក្រោយការអង្កេត ។
ក្រុមហ៊ុន HMM និយាយនៅក្នុងសារថា នាវារងការខូចខាតនេះ ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅដល់ទីក្រុង Dubai នៅយប់ថ្ងៃព្រហស្បតិ៍ ឬព្រឹកថ្ងៃសុក្រ ម៉ោងនៅក្នុងទីក្រុងសេអ៊ូល ៕