យោធាអ៊ីស្រាអែល នៅថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) នេះ បានចេញការព្រមានជម្លៀសថ្មី សម្រាប់ភូមិជាង ១០ នៅភាគខាងត្បូងនៃប្រទេសលីបង់ មុនពេលការវាយប្រហារដែលត្រូវបានគ្រោងទុក ទោះបីជាមានបទឈប់បាញ់ជាមួយលីបង់ ជាកិច្ចព្រមព្រៀងដែលមានបំណងបញ្ឈប់ការប្រយុទ្ធជាមួយក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ក៏ដោយ។
អ្នកនាំពាក្យយោធាជាភាសាអារ៉ាប់ លោក Avichay Adraee បានបង្ហោះនៅលើវេទិកាបណ្ដាញសង្គម X ដោយរាយបញ្ជីភូមិចំនួន ១២ ថា៖ «ដើម្បីសុវត្ថិភាពរបស់អ្នកទាំងអស់គ្នា អ្នកត្រូវតែជម្លៀសចេញពីផ្ទះសម្បែងរបស់អ្នកជាបន្ទាន់ ហើយចាកចេញពីភូមិ និងទីប្រជុំជនយ៉ាងហោចណាស់ចម្ងាយ ១.០០០ម៉ែត្រ ទៅកាន់តំបន់ទីវាល»។
ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ ក៏កងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡា បានបាញ់ប្រហារតគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ដោយភាគច្រើននៅភាគខាងត្បូងលីបង់។ អ៊ីស្រាអែលក៏បានប្រកាសផងដែរនូវ «ខ្សែបន្ទាត់ព្រំដែនពណ៌លឿង» ដែលលាតសន្ធឹងរហូតដល់ ១០គីឡូម៉ែត្រ នៅខាងក្នុងនៃភាគខាងត្បូងលីបង់ ដែលខ្លួនបានដាក់កងទ័ពឲ្យឈរជើង និងហាមប្រជាជនមិនឲ្យវិលត្រឡប់ទៅវិញ។
ភូមិភាគច្រើនដែលរួមបញ្ចូលនៅក្នុងការព្រមានជម្លៀសនាថ្ងៃទី៦ ខែឧសភានេះ គឺស្ថិតនៅភាគខាងជើងនៃទន្លេ Litani នៅខាងក្រៅតំបន់ដែលកាន់កាប់ដោយទាហានអ៊ីស្រាអែល។
ជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយនៅថ្ងៃទី៦ ខែឧសភា យោធាបានបញ្ជាក់ថា កងទ័ពអាកាសរបស់ខ្លួន បានវាយប្រហាររចនាសម្ព័ន្ធជាច្រើន នៅមួយថ្ងៃមុននេះ ជាទីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា សម្រាប់គោលបំណងយោធា៕