ទីភ្នាក់ងាររ៉ែជាតិកូឡុំប៊ី រាយការណ៍ថា ហេតុការណ៍ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅខេត្ត Cundinamarca របស់កូឡុំប៊ី បានសម្លាប់កម្មករ ៩នាក់ និងមនុស្ស ៦នាក់ផ្សេងទៀត រងរបួស ពោលគឺរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយពួកគេចេញសេចក្តីណែនាំឲ្យគ្រប់គ្រងទីតាំងអណ្តូងរ៉ែនោះ ។
ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅអណ្តូងរ៉ែ La Ciscuda ប្រតិបត្តិការដោយក្រុមហ៊ុន Carbonera Los Pinos ។ ក្រុមហ៊ុនពុំបានផ្តល់សេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេ ជុំវិញហេតុការណ៍ផ្ទុះនេះ ។
ទីភ្នាក់ងាររ៉ែជាតិកូឡុំប៊ី និយាយទៀតថា ឧបទ្ទេវហេតុនេះ ទំនងបណ្តាលមកពីឧស្ម័ន ហើយពួកគេបានណែនាំឲ្យក្រុមហ៊ុនពង្រឹងវិធានការសុវត្ថិភាព អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីនោះ កាលពីថ្ងៃទី ៩ ខែមេសា ពេលដែលពួកគេនិយាយថា ឧស្ម័នជាច្រើនដូចជាឧស្ម័នមេតាន អាចនឹងគ្រោះថ្នាក់ខ្លាំង ។
លោក Luis Alfredo Nino គឺជាប្រធានមន្ទីរពេទ្យ El Salvador de Ubate និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារថា កម្មករ ៦នាក់ដែលរស់រានពីហេតុការណ៍ផ្ទុះក្នុងអណ្តូងរ៉ែធ្យូងថ្ម ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរបស់លោក ។
សូមបញ្ជាក់ថា ឧបទ្ទេវហេតុធ្ងន់ធ្ងរបានក្លាយជារឿងធម្មតាទៅហើយនៅតាមអណ្តូងរ៉ែធ្យូងថ្ម និងអណ្តូងរ៉ែមាស ក្នុងប្រទេសកូឡុំប៊ី ដែលភាគច្រើននៃអណ្តូងរ៉ែទាំងអស់នេះ ប្រតិបត្តិការដោយខុសច្បាប់ និងគ្មានវិធានការសុវត្ថិភាពត្រឹមត្រូវ ៕