ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) នេះថា ខ្លួនបានផ្អាកការពិនិត្យ ជុំវិញថា តើត្រូវចូលរួមក្នុងប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ដើម្បីអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែរ ឬយ៉ាងណា បន្ទាប់ពីប្រធានាធិបតី Donald Trump បានបញ្ឈប់បេសកកម្មនេះសិន។
ជាមួយគ្នានេះ មន្ត្រីវិមាន Blue House ក៏បាននិយាយផងដែរថា គេនៅតែមិនច្បាស់នោះទេថា តើនាវាដែលដំណើរការដោយកូរ៉េខាងត្បូងដែលបានផ្ទុះ និងមានអគ្គិភ័យ កាលពីថ្ងៃទី៤ ខែឧសភា ត្រូវបានវាយប្រហារ នៅក្នុងច្រកសមុទ្រដែរ ឬទេ។
នៅមុននេះ លោក Trump បានជំរុញឲ្យទីក្រុងសេអ៊ូលចូលរួមក្នុងគំនិតផ្តួចផ្តើម « Project Freedom» (គម្រោងសេរីភាព) របស់លោក ដើម្បីបើកផ្លូវការធ្វើនាវាចរណ៍ដោយសេរី ដោយអះអាងថា អ៊ីរ៉ង់បានវាយប្រហារលើនាវាដែលគ្រប់គ្រងដោយកូរ៉េខាងត្បូង និងគោលដៅផ្សេងទៀត ខណៈពេលដែលសហរដ្ឋអាមេរិក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ដើម្បីបើកច្រកសមុទ្រនេះ។
ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Wi Sung-lac បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «បន្ទាប់ពីបានពិនិត្យមើលព័ត៌មានបន្ថែម វាហាក់ដូចជាមិនច្បាស់សោះថា តើនាវានេះត្រូវបានវាយប្រហារដែរ ឬយ៉ាងណា»។
ប្រទេសកូរ៉េខាងត្បូងបានប្រុងប្រយ័ត្ន ចំពោះការចូលទៅពាក់ព័ន្ធដោយផ្ទាល់ពេក ក្នុងជម្លោះ នៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែវិមានប្រធានាធិបតី បានឲ្យដឹងកាលពីថ្ងៃទី៥ ខែឧសភាថា ខ្លួនកំពុងពិនិត្យមើលការស្នើរបស់លោក Trump ឲ្យទីក្រុងសេអ៊ូលចូលរួមក្នុងផែនការ ដើម្បីបើកផ្លូវការធ្វើនាវាចរណ៍ដោយសេរី។
តែក្រោយមក លោក Trump បាននិយាយថា លោកនឹងផ្អាកប្រតិបត្តិការនេះ ដោយលើកឡើងពីការមាន «វឌ្ឍនភាពដ៏ធំធេង» ឆ្ពោះទៅរកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយជាមួយអ៊ីរ៉ង់។ ហើយលោក Wi បានបញ្ជាក់ថា៖ «យើងមិនជឿថា ការពិនិត្យលើការអំពាវនាវរបស់លោក Trump ឲ្យចូលរួមក្នុងបេសកកម្ម Project Freedom គឺជារឿងចាំបាច់នោះឡើយ នៅពេលនេះ»៕