ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) នេះ បានលើកឡើងថា សង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ អាចឈានដល់ទីបញ្ចប់ ប្រសិនបើទីក្រុងតេអេរ៉ង់គោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលអាចកើតមាន ខណៈពេលដែល ព្រមានថា ការទម្លាក់គ្រាប់បែកថ្មី នឹងកើតឡើង ប្រសិនបើទីសាធាររដ្ឋឥស្លាមបដិសេធ។
លោក Trump បានរៀបរាប់នៅលើគណនីបណ្ដាញសង្គម TruthSocial របស់លោកថា៖ «ដោយសន្មតថា អ៊ីរ៉ង់យល់ព្រមផ្តល់អ្វីដែលត្រូវបានព្រមព្រៀងគ្នា ដែលប្រហែលជាការសន្មតដ៏ធំមួយ ប្រតិបត្តិការដ៏មានភាពល្បីល្បាញរួចហើយ គឺ Epic Fury នឹងឈានដល់ទីបញ្ចប់ភ្លាមៗ ហើយការបិទផ្លូវប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងអនុញ្ញាតឲ្យច្រកសមុទ្រ Hormuz បើកចំហ សម្រាប់ទាំងអស់គ្នា ក្នុងនោះរួមទាំងអ៊ីរ៉ង់ផងដែរ»។
ច្រកសមុទ្រ Hormuz គឺជាផ្លូវទឹកដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលភ្ជាប់ឈូងសមុទ្រពែក្សជាមួយឈូងសមុទ្រអូម៉ង់ និងសមុទ្រអារ៉ាប់។ ការរំខានណាមួយនៅទីនោះ អាចមានផលវិបាកយ៉ាងខ្លាំង សម្រាប់ទីផ្សារថាមពលសកល និងសន្តិសុខ ក្នុងតំបន់។
លោក Trump ក៏បានព្រមានផងដែរថា ប្រសិនបើអ៊ីរ៉ង់មិនទទួលយកលក្ខខណ្ឌទេនោះ ការទម្លាក់គ្រាប់បែក នឹងចាប់ផ្ដើមឡើងវិញ «ក្នុងកម្រិត និងភាពខ្លាំងក្លាកាន់តែខ្លាំងជាងមុន»។ យ៉ាងណាក្ដី សេចក្តីថ្លែងការណ៍នេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីកិច្ចព្រមព្រៀង ការទាមទារជាក់លាក់ដែលដាក់លើអ៊ីរ៉ង់ ឬពេលវេលានៃវិធានការយោធាដែលអាចកើតមានណាមួយឡើយ៕