ក្រុមជួយសង្រ្គោះ បានព្យាយាមពន្លត់អគ្គិភ័យឆាបឆេះអគារ ក្រោយការវាយប្រហារយានដ្រូនរុស្ស៊ី ត្រូវចំសាលាមតេយ្យសិក្សាមួយកន្លែងនៅទីក្រុងភាគឦសាន Sumy របស់អ៊ុយក្រែន ។ សន្តិសុខស្រីម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ពេលដែលក្មេងៗពុំបាននៅក្នុងសាលារៀន ។
ក្រុមអ្នកស្រុក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការវាយប្រហារនេះ បានធ្វើឡើង ២លើកផ្ទួនៗគ្នា ក្នុងនោះយានដ្រូនទី ២ បានវាយប្រហារទីតាំងតែមួយក្រោយការវាយប្រហារលើកដំបូង ។
លោក Serhii Ryzhov គឺជាអ្នកស្រុកមួយរូបនិយាយថា ការផ្ទុះបណ្តាលឲ្យខូចខាតអគារសាលាមតេយ្យសិក្សា ហើយបំណែកគ្រាប់បានហោះនៅគ្រប់ទីកន្លែង ។
រុស្ស៊ី បានប្រកាសបទឈប់បាញ់រយៈពេល ២ថ្ងៃ នៅថ្ងៃទី ៨-៩ ខែឧសភា ដើម្បីប្រារព្ធទិវាជ័យជំនះសង្រ្គាមលោកលើកទី ២របស់រុស្ស៊ី ដោយពួកគេព្រមានថា រាល់ការប៉ុនប៉ងណាមួយ ដើម្បីបង្អាក់ការប្រារព្ធពិធីនេះ នឹងបង្កឲ្យមានការសងសឹកយ៉ាងខ្លាំងក្លា ។
ដោយឡែក កាលពីថ្ងៃចន្ទ ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy និយាយដែរថា អ៊ុយក្រែននឹងគោរពបទឈប់បាញ់របស់ខ្លួនឯង ចាប់ពីយប់ពាក់កណ្តាលអាធ្រាត្រថ្ងៃអង្គារនេះតទៅ ដោយរូបលោកបន្តថា រុស្ស៊ីពុំបានឆ្លើយតបចំពោះការអំពាវនាវជាយូររបស់ទីក្រុងគីវឲ្យមានបទឈប់បាញ់យូរអង្វែងម្តងណានោះទេ ៕

