ប្រដាល់សកល៖ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានចាត់ទុកសមិទ្ធផលនៃការបោះជុំរុំហ្វឹកហាត់ និងចូលរួមប្រកួតលក្ខណៈអន្ដរជាតិរយៈពេលជាង ២សប្ដាហ៍នៅប្រទេសថៃរបស់កីឡាករជម្រើសជាតិកម្ពុជា ៣រូបកាលពីថ្មីៗគឺជាសញ្ញាណដ៏ល្អសម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមនាខែឧសភាខាងមុខ។

ការលើកឡើងនេះបន្ទាប់ពីកីឡាករប្រដាល់សកលកម្ពុជា ៣រូបរួមមានកីឡាករ សៅ រង្ស៊ី, ទូច ដេវីត និងកីឡាករ វី សុភ័ស បានបោះជុំរុំហ្វឹកហាត់ជិត ១សប្ដាហ៍ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមីនា មុនបន្ដចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Thailand Open International Boxing Tournament 2022 នៅខេត្ត Phuket ប្រទេសថៃចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែមេសាកន្លងទៅដោយទទួលបានលទ្ធផលល្អប្រសើរ។ នេះបើតាមការបញ្ជាក់របស់លោក ប៊ុយ សុភ័ណ្ឌ។

គួរបញ្ជាក់ថា ការបោះជុំរុំហ្វឹកហាត់ និងប្រកួតលក្ខណៈអន្ដរជាតិនៅប្រទេសថៃ ធ្វើឡើងក្រោមកិច្ចសហការរវាងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងសមាគមកីឡាប្រដាល់សកលថៃ ដោយភាគីថៃបានឧបត្ថម្ភការស្នាក់នៅ ហូបចុក និងហ្វឹកហាត់។ ប៉ុន្ដែក្រោយបញ្ចប់បេសកកម្មបោះជុំរុំហាត់ និងប្រកួតនេះ ក្រុមកីឡាករប្រដាល់សកលជម្រើសជាតិទាំង ៣រូបពុំទាន់ត្រឡប់មកកម្ពុជានោះទេ ដោយពួកគេបន្ដហ្វឹកហាត់នៅថៃរហូតដល់ស៊ីហ្គេមលើកទី៣១ នៅវៀតណាមតែម្ដង៕
អត្ថបទ៖ លី ឈុនឡា