ក្រសួងការបរទេសរុស្ស៊ី និយាយថា ក្រសួងបានព្រមានដល់បេសកកម្មការទូតឱ្យជម្លៀសបុគ្គលិករបស់ខ្លួនចេញពីរដ្ឋធានីគីវរបស់អ៊ុយក្រែនជាបន្ទាន់ ក្នុងករណីដែលទីក្រុងមូស្គូ បើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងនេះ ក្នុងការឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់អ៊ុយក្រែនដើម្បីរំខានដល់ការរំលឹកខួបទិវាជ័យជំនះ ថ្ងៃទី៩ ខែឧសភា របស់រុស្ស៊ី។

នៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញ Telegram កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានជំរុញឱ្យអ្នកការទូតយកចិត្តទុកដាក់ចំពោះការព្រមានរបស់ក្រសួងការពារជាតិ អំពីការវាយប្រហារ ដែលបានចេញកាលពីថ្ងៃចន្ទ ក្នុងករណីមានការវាយប្រហាររបស់អ៊ុយក្រែនក្នុងអំឡុងពេលនៃការរំលឹកខួបជ័យជម្នះរបស់សហភាពសូវៀតប្រឆាំងនឹងណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២ និងក្បួនព្យុហយាត្រាយោធានៅទីលានក្រហម។

លោកស្រី Zakharova បាននិយាយថា «ក្រសួងការបរទេសរុស្ស៊ី ជំរុញយ៉ាងខ្លាំងដល់អាជ្ញាធររបស់ប្រទេសអ្នកការទូត ថ្នាក់ដឹកនាំនៃអង្គការរបស់អ្នកការទូត ឱ្យចាត់ទុកសេចក្តីថ្លែងការណ៍នេះដោយការទទួលខុសត្រូវខ្ពស់បំផុត និងធានាបានការជម្លៀសបុគ្គលិកការទូត និងអ្នកតំណាងផ្សេងទៀតចេញពីទីក្រុងគីវឲ្យបានទាន់ពេលវេលា ទាក់ទងនឹងភាពមិនអាចជៀសរួចនៃការវាយប្រហារសងសឹកលើទីក្រុងគីវដោយកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី»។ លោកស្រី Zakharova បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានធ្វើ «សេចក្តីថ្លែងការណ៍ឈ្លានពាន និងគំរាមកំហែង» អំពីការរំខានដល់ការប្រារព្ធពិធីនេះនៅក្នុងកិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុបនៅប្រទេសអាមេនី កាលពីថ្ងៃចន្ទ។ លោកស្រីបាននិយាយថា ប្រទេសសហភាពអឺរ៉ុបជាច្រើនមានវត្តមាន ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ បានស្តីបន្ទោសមេដឹកនាំរបបទីក្រុងគីវ នោះទេ។