យោងតាមទិន្នន័យដែលបានចេញផ្សាយដោយក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក កំពុងប្រឈមនឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ បន្ទាប់ពីការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ ដែលបានធ្វើឲ្យរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz បណ្តាលឱ្យតម្លៃថាមពលសកលកើនឡើងយ៉ាងខ្លាំង។

ក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរធំៗរបស់សហរដ្ឋអាមេរិក បានចំណាយប្រាក់ជាង៥ពាន់លានដុល្លារអាមេរិកលើប្រេងឥន្ធនៈយន្តហោះ ក្នុងខែមីនា ជាការកើនឡើង៥៦ភាគរយពីខែកុម្ភៈ និងកើនឡើង ៣០,៤ ភាគរយកាលពី១ឆ្នាំមុន។ ដើម្បីកាត់បន្ថយសម្ពាធពីការកើនឡើងតម្លៃប្រេងឥន្ធនៈ ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាមេរិក បានដំឡើងថ្លៃសំបុត្រយន្តហោះ និងថ្លៃឈ្នួលឥវ៉ាន់ និងបានណែនាំវិធានការកាត់បន្ថយការចំណាយផ្សេងៗទៀត។

ការចំណាយលើប្រេងឥន្ធនៈ បច្ចុប្បន្នមានចំនួនរហូតដល់២៥ភាគរយទៅ៤០ភាគរយនៃការចំណាយក្នុងប្រតិបត្តិការនៅលើផ្លូវមួយចំនួន។ ក្រុមហ៊ុនអាកាសចរណ៍មានតម្លៃទាបរបស់សហរដ្ឋអាមេរិក Spirit Airlines ដែលបានបញ្ឈប់ប្រតិបត្តិការកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បាននិយាយថា ការកើនឡើងតម្លៃប្រេងឥន្ធនៈបានបន្ថែម១០០លានដុល្លារអាមេរិកលើការចំណាយថ្លៃប្រេង នៅក្នុងខែមីនា និងខែមេសា។ ក្រុមហ៊ុននេះ បាននិយាយថា បន្ទុកប្រេងឥន្ធនៈគឺជាកត្តាសំខាន់ក្នុងការបរាជ័យនៃផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមហ៊ុន ដែលនៅទីបំផុត បានបង្ខំឱ្យក្រុមហ៊ុននេះបញ្ឈប់ប្រតិបត្តិការ។ ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបមួយចំនួន ក៏បានមើលឃើញការកើនឡើងការចំណាយក្នុងប្រតិបត្តិការរបស់ពួកគេ ដោយសារតែការកើនឡើងតម្លៃថាមពល។ ក្រុមហ៊ុន Lufthansa Group បាននិយាយកាលពីថ្ងៃពុធថា ខ្លួនរំពឹងថាការចំណាយលើប្រេងឥន្ធនៈឆ្នាំ ២០២៦ របស់ខ្លួននឹងកើនឡើង១,៧ពាន់លានអឺរ៉ូ ខណៈភាពតានតឹងនៅមជ្ឈិមបូព៌ាកំពុងជំរុញឱ្យតម្លៃកើនឡើង ហើយការកើនឡើងភាពតានតឹងនៅច្រកសមុទ្រ Hormuz ធ្វើឱ្យទីផ្សារមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីកង្វះការផ្គត់ផ្គង់។