បាល់ទាត់៖ ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមបាល់ទាត់តោខៀវ Chelsea, Romelu Lukaku នឹងមិនមានវត្តមានឡើយពេល Chelsea ទៅទឹកដី Real Madrid រាត្រីនេះជើងទី២ វគ្គ ៨ក្រុមចុងក្រោយ UEFA Champions League។ កីឡាករប៊ែលហ្ស៊ិករូបនេះត្រូវបានផ្លាស់ចេញកាលពីជើងទី១ ដោយសាររបួសដែលបានធ្វើឱ្យគេអវត្តមានពីការប្រកួតកាលពីថ្ងៃសៅរ៍ផងដែរដែល Chelsea យកឈ្នះនៅទឹកដី Southampton ៦-០ នោះ។

តែប្រធានក្រុមសញ្ជាតិអេស្ប៉ាញ Cesar Azpilicueta បានធ្វើដំណើរទៅប្រទេសកំណើតរបស់ខ្លួនផងដែរ បន្ទាប់ពីអវត្តមានកាលពីថ្ងៃសៅរ៍ដោយសារកូវីដ-១៩។ កីឡាករ Callum Hudson-Odoi និង Ben Chilwell នៅតែបន្តអវត្តមានដោយសាររបួសខ្នង និងជង្គង់។ Chelsea កំពុងតាមពីក្រោយ Real Madrid ២គ្រាប់បន្ទាប់ពីក្រុមរបស់លោក Carlo Ancelotti យកឈ្នះនៅ Stamford Bridge ៣-១ នៅជើងទី១។
គិតមកដល់ពេលនេះ Chelsea ធ្លាប់ស៊ុតបញ្ចូលទីនៅក្រៅទឹកដីលើសពី ២គ្រាប់នៅវគ្គចាញ់ធ្លាក់បែបនេះតែ ១លើកប៉ុណ្ណោះតាំងពីរដូវកាល ២០០៨-០៩ ដែលយកឈ្នះ Liverpool ៣-១ នៅ Anfield។ ចំណែកឯ Karim Benzema ដែលកំពុងមានទម្រង់ឡើងខ្លាំងនឹងបន្តជាឧបសគ្គសម្រាប់ក្រុមលោក Thomas Tuchel ដដែល បន្ទាប់ពីកីឡាករបារាំងរូបនេះធ្វើបាន Hat-Trick នៅជើងទី១ និងមានគ្រាប់បាល់សរុប ១១គ្រាប់នៅ UCL រដូវកាលនេះ៕
អត្ថបទ៖នាង សុភាវុធ