ក្រុមនាវាផ្ទុកយន្តហោះ Charles de Gaulle របស់បារាំង បានឆ្លងកាត់ព្រែកជីកស៊ុយអេ (Suez Canal) កាលពីថ្ងៃពុធ ហើយកំពុងធ្វើដំណើរឆ្ពោះទៅសមុទ្រក្រហមភាគខាងត្បូង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងកងកម្លាំងប្រដាប់អាវុធបារាំង។

យោងតាមក្រសួងនេះ ការដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះនេះ ទៅកាន់សមុទ្រក្រហម និងឈូងសមុទ្រ Aden គឺមានគោលបំណងគាំទ្រគំនិតផ្តួចផ្តើមសន្តិសុខដែនសមុទ្រពហុជាតិ ដែលបង្កើតឡើងដោយបារាំង អង់គ្លេស និងបណ្តាប្រទេសដៃគូ។

បារាំង និងអង់គ្លេស បានរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិមួយស្តីពីច្រកសមុទ្រហ័រមូស នៅទីក្រុងប៉ារីស កាលពីថ្ងៃទី ១៧ ខែមេសា ដោយបានប្រមូលផ្តុំតំណាងមកពីប្រទេសចំនួន ៥១។ បន្ទាប់ពីកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បាននិយាយថា ប្រទេសទាំងពីរ នឹងដឹកនាំបេសកកម្មពហុជា ដើម្បីជួយការពារផ្លូវដឹកជញ្ជូន នៅពេលដែលលក្ខខណ្ឌអនុញ្ញាត។ លោក Starmer បាននិយាយថា គំនិតផ្តួចផ្តើមនេះ នឹងនៅតែមានលក្ខណៈការពារយ៉ាងតឹងរ៉ឹង ហើយនឹងផ្តោតលើការធានាឡើងវិញនូវចរាចរណ៍ដែនសមុទ្រពាណិជ្ជកម្ម និងគាំទ្រប្រតិបត្តិការបោសសម្អាតមីន។
ក្រសួងកងកម្លាំងប្រដាប់អាវុធបារាំង បាននិយាយថា ការដាក់ពង្រាយក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ មានបំណងវាយតម្លៃបរិយាកាសប្រតិបត្តិការក្នុងតំបន់ មុនពេលការចាប់ផ្តើមគំនិតផ្តួចផ្តើមនេះ ហើយអាចផ្តល់ជម្រើសឆ្លើយតបវិបត្តិបន្ថែម ដើម្បីពង្រឹងសន្តិសុខក្នុងតំបន់៕