ភ្នំពេញ៖ បន្ទាប់ពីផ្អាកដំណើរការមួយរយៈពេល នៅថ្ងៃទី១២ មេសា ឆ្នាំ២០២២នេះ ស្ថានីយរថភ្លើង Royal Railway Cambodia បានបើកឲ្យដំណើរការឡើងវិញ ដើម្បីបម្រើឲ្យការដឹកជញ្ជូនអ្នកដំណើរ ពីក្រុងភ្នំពេញ ទៅកាន់ខេត្តចំនួន៦ រួមមាន៖ ខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង កំពត កែប និងខេត្តព្រះសីហនុ។
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី កញ្ញា សក់ វណ្ណនី អ្នកគ្រប់គ្រងខ្សែអ្នកដំណើរ នៃ Royal Railway បានឲ្យដឹងថា ការបើកឲ្យដំណើរការផ្លូវដែកឡើងវិញនាពេលនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលខាងមុខ។
កញ្ញា បានឲ្យដឹងទៀតថា មកដល់ពេលនេះ មានប្រជាពលរដ្ឋជាច្រើន កក់សំបុត្រទុកជាបន្តបន្ទាប់ ដើម្បីចាកចេញទៅបណ្តាខេត្តនានា ដើម្បីធ្វើដំណើរកម្សាន្ត និងទៅស្រុកកំណើតជាដើម។
កញ្ញា បានឲ្យដឹងទៀតថា ការបើកឲ្យដំណើរការឡើងវិញក្នុងពេលនេះ ការចេញដំណើរទៅកាន់ខេត្តទាំង៦ មានតែមួយជើងប៉ុណ្ណោះក្នុងពេលព្រឹក គឺម៉ោង៦កន្លះ សម្រាប់ការចេញដំណើរទៅកាន់ខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង និង៧ព្រឹក ទៅកាន់ កំពត កែប និងព្រះសីហនុ។
ទាក់ទងនឹងតម្លៃសំបុត្រ អ្នកគ្រប់គ្រងរូបនេះ បានលើកឡើងថា មិនមានការតម្លើងថ្លៃទេ ទោះបីជាក្នុងឱកាសបុណ្យទានឬថ្ងៃចុងសប្តាហ៍ក៏ដោយ ដោយពីភ្នំពេញទៅកាន់ខេត្តតាកែវ តម្លៃសំបុត្រ ២ម៉ឺន ៤ពាន់រៀល ឬ ៦ដុល្លារ, ពោធិ៍សាត់ ២ម៉ឺន ៨ពាន់រៀល ឬ ៧ដុល្លារ, បាត់ដំបង ៣ម៉ឺន ២ពាន់រៀល ឬ៨ដុល្លារ, កំពត និងកែបតម្លែដូចគ្នា គឺ ៣ម៉ឺន ៦ពាន់រៀល ឬ៩ដុល្លារ និងខេត្តព្រះសីហនុតម្លៃ ៤ម៉ឺនរៀល ឬ ១០ដុល្លារ សម្រាប់មនុស្សម្នាក់ៗ៕អត្ថបទ៖ ឈិត បូរ៉ាវី