មនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីអំពើហិង្សាក្រោយការបោះឆ្នោត បានផ្ទុះឡើងនៅសប្តាហ៍នេះ នៅក្នុងរដ្ឋមួយនៅភាគខាងកើតប្រទេសឥណ្ឌា ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់បីនាក់ស្លាប់។
គណបក្ស Bharatiya Janata Party (BJP) របស់នាយករដ្ឋមន្ត្រី លោក Narendra Modi បានឈ្នះគណបក្ស Trinamool Congress (TMC) របស់រដ្ឋមន្ត្រីប្រចាំរដ្ឋ លោកស្រី Mamata Banerjee ក្នុងការបោះឆ្នោតនៅរដ្ឋ West Bengal ជាកន្លែងដែលលោកស្រីបានកាន់អំណាចតាំងពីឆ្នាំ ២០១១។

លោកស្រី Banerjee បានបដិសេធមិនលាលែងពីតំណែងដោយនិយាយថា លោកស្រី «មិនចាញ់នោះទេ» ហើយបានចោទប្រកាន់គណៈកម្មការបោះឆ្នោតថាបានឃុបឃិតជាមួយគណបក្ស BJP ដើម្បីយកឈ្នោះក្នុងការបោះឆ្នោត។ អធិការនគរបាល លោក Siddh Nath Gupta បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធថា ករណីព្រហ្មទណ្ឌជាង២០០ករណី ត្រូវបានចុះបញ្ជីនៅទូទាំងរដ្ឋ សម្រាប់អំពើហិង្សា ហើយមនុស្ស ៤៣៣នាក់ត្រូវបានចាប់ខ្លួន។
រដ្ឋ West Bengal មានប្រវត្តិនៃអំពើហិង្សាក្រោយការបោះឆ្នោត ហើយមនុស្សជាង១០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប៉ះទង្គិចគ្នាស្រដៀងគ្នានេះរវាងគណបក្សនយោបាយបន្ទាប់ពីលទ្ធផលត្រូវបានប្រកាសក្នុងអំឡុងពេលបោះឆ្នោតកាលពីពេលមុន ក្នុងឆ្នាំ ២០២១។
