តម្លៃប្រេងបានធ្លាក់ចុះជាង២% នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារមានក្ដីរំពឹងជាថ្មីសម្រាប់កិច្ចព្រមព្រៀងសន្តិភាពមួយដែលអាចឈានទៅរកការបើកច្រកសមុទ្រ Hormuz ឡើងវិញ ។
តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ២,១៦ដុល្លារ ឬ២,១៣% មកនៅត្រឹម៩៩ ,១១ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង៧ និង៣២នាទីម៉ោងសកល ចំណែកតម្លៃប្រេងឆៅ West Texas Intermediateរបស់សហរដ្ឋអាមេរិក ដែរនោះ បានធ្លាក់ថ្ងៃ ២ដុល្លារឬ២,១% មកនៅត្រឹម៩៣,០៨ដុល្លារក្នុងមួយបារ៉ែល។

តម្លៃគោលសម្រាប់ប្រេងឆៅទាំងពីរ បានធ្លាក់ចុះជាង៧% កាលពីថ្ងៃពុធសប្ដាហ៍នេះ ជាការធ្លាក់ចុះទាបរយៈពេល២សប្ដាហ៍ លើសុទិដ្ឋិនិយមជុំវិញលទ្ធភាពនៃការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា។
របាយការណ៍មួយពីទីភ្នាក់ងារសារព័ត៌មាន Al Arabiya របស់អារ៉ាប៊ីសាអ៊ូឌីត បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការយោគយល់គ្នានានាត្រូវបានឈានដល់ដើម្បីបន្ធូរបន្ថយការបិទផ្លូវទឹកកំពង់ផែអ៊ីរ៉ង់ពីសំណាក់អាមេរិក ជាថ្នូរនឹងការបើកច្រកសមុទ្រ Hormuz បណ្ដើរៗ ។យ៉ាងណាសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នោះបានភ្លាមៗទេ៕

