ចិន៖ ប្រទេសចិនបានរិះគន់ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរពីសហរដ្ឋអាមេរិកលើទីក្រុងមូស្គូ ជុំវិញជម្លោះក្នុងប្រទេសអ៊ុយក្រែនដោយនិយាយថា ការរឹតត្បិតទាំងឡាយគឺជាឧបករណ៍មិនចំគោលដៅ ក្នុងការបន្ធូរបន្ថយវិបត្តិដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃចន្ទថា ទណ្ឌកម្មដែលចេះតែដាក់មិនចេះចប់ មិនបានជួយអ្វីដល់ស្ថានភាពនេះទេ ផ្ទុយទៅវិញបែរជាបង្កើតឲ្យមានបញ្ហាថ្មីៗសម្រាប់ពិភពលោក ស្របពេលដែលពិភពលោកនេះកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល។ លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនគួរតែចាត់វិធានការជាក់ស្ដែងជំរុញឲ្យមានសន្តិភាព ជំនួសឲ្យការប្រើប្រាស់ទណ្ឌកម្មដើម្បីរក្សាជំហរអនុត្តរភាពរបស់ខ្លួន និងកេងចំណេញដោយខុសច្បាប់។ លោក Zhao បានបញ្ជាក់ឡើងវិញពីគោលជំហររបស់ទីក្រុងប៉េកាំងថា ជម្លោះរវាងរដ្ឋធានីគីវ និងក្រុងមូស្គូ គួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា៕
អត្ថបទ៖ សុខមាន