យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីអ៊ីរ៉ង់បានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាស៊ូដ ប៉េហ្សេស្គីអាន(Masoud Pezeshkian) បានប្រាប់សមភាគីបារាំង លោក Emmanuel Macron ថា ឥរិយាបថរបស់ទីក្រុងវ៉ាស៊ីនតោន «បានបង្វែរពីផ្នែកការទូត ទៅរកការគំរាមកំហែង សម្ពាធ និងទណ្ឌកម្ម» ហើយទីក្រុងតេអេរ៉ង់ មិនអាចទុកចិត្តសហរដ្ឋអាមេរិកបានទេ។ លោកបាននិយាយបន្ថែមថា អ៊ីរ៉ង់បានចូលរួមក្នុងការសន្ទនាជាមួយសហរដ្ឋអាមេរិកពីរលើក «ហើយក្នុងឱកាសទាំងពីរលើកនេះ ការឈ្លានពានផ្នែកយោធាប្រឆាំងនឹងអ៊ីរ៉ង់បានកើតឡើងក្នុងពេលដំណាលគ្នាជាមួយនឹងការចរចា។ ឥរិយាបថបែបនេះគឺដូចជា «ការលួចវាយប្រហារពីខាងក្រោយ»។

លោក Pezeshkian បាននិយាយថា ការចរចាដែលមានប្រសិទ្ធភាពណាមួយ តម្រូវឱ្យមានការបញ្ចប់សង្គ្រាម និងធានាបានថាសកម្មភាពអរិភាពនឹងមិនត្រូវបានធ្វើឲ្យកើតឡើងម្តងទៀតទៅលើអ៊ីរ៉ង់នោះទេ។ លោកក៏បានច្រានចោលផងដែរថា អ៊ីរ៉ង់មានចំណាត់ការយោធាប្រឆាំងនឹងប្រទេសអារ៉ាប់រួម ដោយបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ បានប្រកាសយ៉ាងច្បាស់អំពីជំហររបស់ពួកគេ ប្រសិនបើមានសកម្មភាពយោធាណាមួយត្រូវបានធ្វើឡើង។ ទាក់ទងនឹងច្រកសមុទ្រហ័រមូស លោក Pezeshkian បាននិយាយថា អ៊ីរ៉ង់ ជាយូរមកហើយជាអ្នកការពារសន្តិសុខនៅផ្លូវទឹកនេះ ប៉ុន្តែសកម្មភាពរបស់សហរដ្ឋអាមេរិក រួមទាំងការបិទផ្លូវទឹករបស់កងទ័ពជើងទឹក បានរំខានដល់ស្ថិរភាព។ លោកនិយាយថា «ការចរចាណាមួយទាក់ទងនឹងការបើកច្រកសមុទ្រហ័រមូសឡើងវិញទាំងស្រុង ទាមទារឱ្យមានការដកចេញការបិទផ្លូវរបស់កងទ័ពជើងទឹក ដែលដាក់ដោយសហរដ្ឋអាមេរិក»។ យោងតាមសេចក្តីថ្លែងការណ៍ លោក Macron បានបង្ហាញការគាំទ្ររបស់ទីក្រុងប៉ារីស ចំពោះក្របខ័ណ្ឌបទឈប់បាញ់ និងទទួលស្គាល់ថា ការបិទផ្លូវទឹករបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ គឺជាការបំពានបទឈប់បាញ់។
