មន្ត្រីជាន់ខ្ពស់របស់ប្រទេសគុយបា បានរិះគន់សេចក្តីថ្លែងការណ៍ និងការគំរាមកំហែងកាន់តែខ្លាំងឡើងៗរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់កម្លាំងយោធា លើប្រទេសកោះតំបន់ការ៉ាអ៊ីពមួយនេះ ដោយចាត់ទុកថា ជាឧក្រិដ្ឋកម្មអន្តរជាតិ រួមជាមួយនឹងការបិទខ្ទប់ផ្លូវប្រេងដែលកំពុងបន្តមានដោយសហរដ្ឋអាមេរិក ដែលបានរឹតត្បិតការដឹកជញ្ជូនប្រេងឥន្ធនៈយ៉ាងខ្លាំង ស្របពេលមានវិបត្តិថាមពលដ៏ធ្ងន់ធ្ងរ។

នៅក្នុងការបង្ហោះមួយ លើបណ្ដាញសង្គម រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានពណ៌នាថា សហរដ្ឋអាមេរិកនេះ ផ្ដល់សញ្ញា «ប្រើវិធានការយោធា» ដើម្បី «រំដោះ» គុយបា ដែលវាគឺជាការមានពុតត្បុត ដោយលោកបានលើកឡើងពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍ប្រឆាំងនឹងរដ្ឋាភិបាលកោះនេះថា ជាមូលហេតុចម្បងដែលបណ្ដាលឲ្យមានបញ្ហាសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។
លោក Rodriguez បានសង្កត់ធ្ងន់ថា៖ «ការគំរាមកំហែងវាយប្រហារដោយយោធា និងការឈ្លានពាន គឺជាឧក្រិដ្ឋកម្មអន្តរជាតិ»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសគុយបា គឺមិនអាចទទួលយកបានទេ ដោយបន្ថែមថា សហរដ្ឋអាមេរិក នឹងមានដំណោះស្រាយ តែលោកមិនបានផ្តល់ពេលវេលាកំណត់ឡើយ៕

