ក្រុមហ៊ុនដឹកជញ្ជូនលំដាប់យក្ស Maersk របស់ប្រទេសដាណឺម៉ាក បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) នេះថា ការរំខានភា្លមៗដល់ការផ្គត់ផ្គង់ប្រេងដែលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់ កំពុងធ្វើឲ្យការចំណាយលើប្រតិបត្តិការកាន់តែខ្ពស់ ដោយក្រុមហ៊ុនរំពឹងថា នឹងផ្ទេរបន្ទុកបន្ថែមនេះទៅអតិថិជន។
នាយកប្រតិបត្តិក្រុមហ៊ុន Maersk លោក Vincent Clerc បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Bloomberg Television ថា ជម្លោះនេះបានបន្ថែមការចំណាយប្រហែល ៥០០លានដុល្លារ ក្នុងមួយខែៗ ដែលភាគច្រើនមកពីតម្លៃប្រេងឥន្ធនៈហក់ឡើង និងការចំណាយលើធានារ៉ាប់រងនាវា។

តែយ៉ាងណាក្ដី លោក Clerc បានបញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ យើងអាចបន្តរក្សាការណែនាំរបស់យើងបាន ពីព្រោះបទពិសោធន៍របស់យើង គឺថា យើងអាចផ្ទេរការចំណាយទាំងនោះទៅអតិថិជនរបស់យើងបាន»។ លោកបានបន្ថែមថា ក្រុមហ៊ុនរំពឹងថា នឹងបន្តធ្វើដូច្នេះនៅក្នុងត្រីមាសខាងមុខ។
ក្រុមហ៊ុន Maersk ដែលជាក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រធំជាងគេបំផុតទី២ របស់ពិភពលោក បានឲ្យដឹងទៀតថា ជម្លោះអ៊ីរ៉ង់ មាន «ផលប៉ះពាល់តិចតួច» លើចំណូលត្រីមាសទី១ របស់ខ្លួន ដោយសារតែការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Copenhagen បានរាយការណ៍ពីប្រាក់ចំណូលត្រីមាសទី១ មុនកាត់ការចំណាយផ្សេងៗ គឺចំនួន ១,៧៥ពាន់លានដុល្លារ ដែលលើសពីការរំពឹងទុករបស់ទីផ្សារ ១,៦៦ពាន់លានដុល្លារ។
ក្រុមហ៊ុនបានរក្សាការណែនាំហិរញ្ញវត្ថុឆ្នាំ២០២៦ របស់ខ្លួន និងរក្សាការព្យាកររបស់ខ្លួន សម្រាប់កំណើនទីផ្សារកុងតឺន៍រសកល នៅចន្លោះពី ២ ទៅ ៤ភាគរយ។ ក្រុមហ៊ុន Maersk បានបន្ថែមថា តម្រូវការនៅតែមានភាពខ្លាំងក្លា នៅក្នុងត្រីមាសទី២ ទោះបីជាលោក Clerc បានកត់សម្គាល់ថា ក្រុមហ៊ុននឹងត្រូវកាត់បន្ថយថ្លៃចំណាយ ប្រសិនបើតម្រូវការធ្លាក់ចុះក៏ដោយ៕
