ប្រទេសប៉ាគីស្ថាន នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) បានឲ្យដឹងថា ខ្លួនរំពឹងថា កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងកើតមានឡើង «ឆាប់ៗនេះ» តែមិនបានផ្តល់ពេលវេលាជាក់លាក់ណាមួយឡើយ។
យោងតាមសារព័ត៌មានក្នុងស្រុក Dawn បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេស លោក Tahir Andrabi បាននិយាយថា ទីក្រុងអ៊ីស្លាម៉ាបាដ នឹងស្វាគមន៍ការដោះស្រាយ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកមិនថា ទីណាក៏ដោយដែលវាអាចសម្រេចបាន។ លោកបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងអ៊ីស្លាម៉ាបាដថា៖ «ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់នៅក្នុងប្រទេសប៉ាគីស្ថាននោះ វានឹងជាកិត្តិយសសម្រាប់យើង»។
តែទោះជាយ៉ាងណានេះក្ដី លោក Andrabi បានបដិសេធមិនបញ្ជាក់ព័ត៌មានលម្អិត អំពីកិច្ចព្រមព្រៀងដែលអាចកើតមាននោះឡើយ ស្របពេលមានរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលថា ទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ កំពុងខិតជិតដល់ការចុះអនុស្សរណៈយោគយល់គ្នា ១ទំព័រ។
ប្រភពព័ត៌មានរដ្ឋាភិបាលប៉ាគីស្ថាន នៅមុននេះបានប្រាប់សារព័ត៌មាន Anadolu ថា ខ្លួនរំពឹងថា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពដែលជាប់គាំងលើកទី២ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នាសប្តាហ៍ក្រោយ ដើម្បីបញ្ចប់សង្គ្រាមរបស់ភាគីទាំង២៕

