ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា សហរដ្ឋអាមេរិក ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup) មានកាតព្វកិច្ចចេញទិដ្ឋាការ សម្រាប់ក្រុមជម្រើសជាតិអ៊ីរ៉ង់ ដោយមិនពាក់ព័ន្ធនឹងភាពខុសគ្នាខាងនយោបាយ រវាងប្រទេសទាំង២ ឡើយ។
កាលពីល្ងាចថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បាននិយាយថា ទីក្រុងតេអេរ៉ង់កំពុងប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីធានាថា គ្មានបញ្ហាណាមួយកើតឡើងឡើយ សម្រាប់ក្រុមជម្រើសជាតិអ៊ីរ៉ង់ ក្នុងអំឡុងពេលចូលរួមក្នុងព្រឹត្តិការណ៍ World Cup នៅសហរដ្ឋអាមេរិក។

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ បានឲ្យដឹងថា បន្ទាប់ពីមានការប្រកួតហាត់សមផ្ទៃក្នុង លោក Baghaei បាននិយាយថា៖ «កីឡាកររបស់យើងនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក សម្រាប់តែព្រឹត្តិការណ៍ World Cup ប៉ុណ្ណោះ»។
លោកបានបន្ថែមថា ប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup មាន «ការប្តេជ្ញាចិត្តច្បាស់លាស់ និងជាក់លាក់ដែលខ្លួនមានកាតព្វកិច្ចត្រូវគោរព» ដោយសង្កត់ធ្ងន់ថា ទិដ្ឋាការត្រូវតែចេញឲ្យសមាជិកក្រុមជម្រើសជាតិអ៊ីរ៉ង់ «ដោយមិនពាក់ព័ន្ធនឹងបញ្ហានយោបាយឡើយ»។
ជាមួយគ្នានេះ លោក Baghaei ក៏បានសម្តែងក្តីសង្ឃឹមផងដែរថា FIFA (សហព័ន្ធបាល់ទាត់អន្តរជាតិ) នឹងចាត់វិធានការចាំបាច់ «ដើម្បីរក្សាភាពគួរឲ្យជឿជាក់របស់ខ្លួន» ដោយបញ្ជាក់ថា ការវិវត្តថ្មីៗពាក់ព័ន្ធនឹងក្រុមជម្រើសជាតិអ៊ីរ៉ង់ «មិនស័ក្តិសមនឹងមាត្រដ្ឋានរបស់ FIFA» ឡើយ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ នឹងមានការធ្វើម្ចាស់ផ្ទះរួមគ្នា គឺសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា។ នៅសហរដ្ឋអាមេរិក អ៊ីរ៉ង់គ្រោងនឹងលេង ២ប្រកួត នៅទីក្រុង Los Angeles ទល់នឹងក្រុមនូវែលសេឡង់ នៅថ្ងៃទី១៥ ខែមិថុនា និងបែលហ្ស៊ិក នៅថ្ងៃទី២១ ខែមិថុនា មុនពេលប្រឈមជាមួយអេហ្ស៊ីប នៅទីក្រុង Seattle នាថ្ងៃទី២៦ ខែមិថុនា៕
