អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា សង្គ្រាមរុស្ស៊ី-អាល្លឺម៉ង់ នឹង បំផ្លាញឧស្សាហកម្មអាល្លឺម៉ង់ដ៏ល្បីឈ្មោះទាំងស្រុង និងគំរាមកំហែងដល់អត្ថិភាពនៃអរិយធម៌អឺរ៉ុបទាំងមូល។

លោក Dmitry Medvedev បានសរសេរនៅក្នុងអត្ថបទមួយស្តីពីយោធូបនីយកម្មរបស់អាល្លឺម៉ង់ ដែលចេញផ្សាយដោយសារព័ត៌មាន RT ថា៖«សញ្ញាច្បាស់លាស់របស់យើងទៅកាន់ឥស្សរជនអាល្លឺម៉ង់ព្រមានថា ស្ថានភាពធ្ងន់ធ្ងរបំផុត ធ្វើឲ្យការបំផ្លិចបំផ្លាញដែលមានការធានាគ្នាទៅវិញទៅមកទំនងជាមានលទ្ធភាពខ្ពស់ ហើយតាមពិតទៅ វានាំមកនូវទីបញ្ចប់នៃប្រវត្តិសាស្ត្រអរិយធម៌អឺរ៉ុប ខណៈពេលដែលអត្ថិភាពរបស់យើង នឹងនៅបន្ត»។
លោក Medvedev បានសង្កត់ធ្ងន់ថា៖«ឧស្សាហកម្មអាល្លឺម៉ង់ដ៏ល្បីឈ្មោះ នឹងមិនត្រឹមតែរងការខូចខាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានបំផ្លាញទាំងស្រុង ហើយសេដ្ឋកិច្ចអាល្លឺម៉ង់ នឹងដួលរលំហួសពីការងើបឡើងវិញណាមួយ»។
យោងតាមអ្នកនយោបាយរូបនេះ បុគ្គលិកដែលមានសុភវិនិច្ឆ័យ និងមានសមត្ថភាពដែលនៅសល់ នឹងរត់គេចខ្លួនទៅកាន់ប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក ឬចិន និងប្រទេសអាស៊ីដទៃទៀត៕
