ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) នេះថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់ថា លោកទើបតែបានជួបជាមួយមេដឹកនាំកំពូល លោក Mojtaba Khamenei ដោយនេះគឺជាការផ្តល់ព័ត៌មានជាសាធារណៈលើកដំបូង អំពីការជួបបែបនេះ បន្ទាប់ពីលោក Khamenei បានរងរបួសធ្ងន់ធ្ងរ នៅដើមដំបូងនៃសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។
លោក Pezeshkian ត្រូវបានគេរាយការណ៍ ដែលបាននិយាយថា កិច្ចប្រជុំនេះ ត្រូវបានសម្គាល់ដោយបរិយាកាស «ទន់ភ្លន់ និងស្និទ្ធស្នាលខ្លាំងបំផុត»។

បើតាមសេចក្ដីរាយការណ៍នោះ បានឲ្យដឹងថា លោក Pezeshkian បានកត់សម្គាល់ថា៖ «អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍បំផុត នៅក្នុងជំនួបនេះ លើសពីបញ្ហាផ្សេងទៀត គឺការបង្ហាញនូវវិធីនៃការប្រឈមមុខដាក់គ្នា វិធីនៃការបង្ហាញទស្សនៈ និងវិធីនៃការដោះស្រាយដោយមេដឹកនាំកំពូលនៃបដិវត្តន៍ឥស្លាម ដែលបានប្រែក្លាយបរិយាកាសនៃការសន្ទនាទៅជាបរិយាកាសដែលមានការជឿទុកចិត្ត ភាពស្ងប់ស្ងាត់ ការយល់ចិត្ត និងការសន្ទនាដោយផ្ទាល់»។
តែយ៉ាងណាក្ដី ប្រធានាធិបតីអ៊ីរ៉ង់មិនបានបង្ហាញប្រធានបទនៃកិច្ចប្រជុំនេះនោះទេ ដោយគ្រាន់តែបានប្រាប់ថា លោក Khamenei បានចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុង «ស្មារតីតែមួយ» នៃការសន្ទនា និងការជឿទុកចិត្ត៕
