សារព័ត៌មានក្នុងស្រុករាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះ មន្ទីរពេទ្យនៅទីក្រុង Leiden របស់ហូឡង់ បានព្យាបាលអ្នកជំងឺដែលសង្ស័យឆ្លងវីរុស Hanta ក្រោយត្រូវបានជម្លៀសចេញពីនាវាកម្សាន្តដែលរងផលប៉ះពាល់ដោយសារការរីករាលដាលឆ្លងវីរុសមួយនេះ ។ អ្នកជំងឺ ៣នាក់ ត្រូវបានជម្លៀសចេញពីនាវាកាលពីថ្ងៃពុធ ។
យន្តហោះមួយគ្រឿង ត្រូវបានគេជឿថាបានដឹកអ្នកដំណើរម្នាក់ចេញពីនាវាទេសចរណ៍រងការវាយប្រហារដោយការផ្ទុះឡើងវីរុស Hanta ចូលទៅប្រទេសហូឡង់កាលពីថ្ងៃពុធ បន្ទាប់ពីអ្នកជំងឺម្នាក់នេះត្រូវបានជម្លៀសចេញពីនាវានៅជិតប្រទេសកោះកាប់វើដ ស្ថិតនៅអាហ្វ្រិកខាងលិច ។
គួរឲ្យដឹងថា មនុស្ស ៣នាក់ ដែលជាប្តី-ប្រពន្ធហូឡង់ ២នាក់ និងជនជាតិអាល្លឺម៉ង់ម្នាក់ បានស្លាប់ ដោយសារការរីករាលដាលឆ្លងវីរុស Hantaនៅលើនាវាកម្សាន្តប្រណីត MV Hondius ។
ខណៈពេលនោះដែរ ប្រមុខអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus និយាយថា វាមិនអាចប្រៀបប្រដូចបានទេជាមួយជំងឺរាតត្បាត COVID-19 ។
អង្គការ WHOនិយាយថា មនុស្ស ៨នាក់ រួមទាំងពលរដ្ឋហូឡង់ម្នាក់ ត្រូវបានគេសង្ស័យថា បានឆ្លងវីរុស Hanta ។
ប្រទេសនៅលើពិភពលោក កំពុងតាមដានមនុស្សដែលបានចាកចេញពីនាវាកម្សាន្តមួយនេះ ដែលរផលប៉ះពាល់ដោយសារការរីករាលដាលឆ្លងវីរុស Hanta មុនពេលនាវាចតនៅជិតតំបន់ឆ្នេរប្រទេសកោះកាប់វើដ នៅក្នុងកិច្ចខិតខំមួយ ដើម្បីការពារការរីករាលដាលវីរុសបន្ថែមទៀត ៕