ភ្នំពេញ៖ ក្នុងពិធីបើកសន្និបាតបូកសរុបការងារយុត្តិធម៌ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងយុត្តិធម៌នៅថ្ងៃនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងថា ការកសាងទំនុកចិត្តសាធារណៈ ជាចំណុចស្នូលរួមចំណែកធានាបាននូវស្ថិរភាព និងសន្តិភាព។
នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល បានអញ្ជើញក្នុងពិធីសន្និបាតបូកសរុបការងារយុត្តិធម៌ និងលើកទិសដៅការ ងារ ឆ្នាំ២០២២។
ដំណើរការសន្និបាតនេះ ក្រោមប្រធានបទចំនួនពីរ រួមមាន៖ ការពង្រឹងសមត្ថភាព និង វិន័យការងាររបស់មន្រ្តីយុត្តិធម៌ ដើម្បីប្រសិទ្ធភាពការងារ និងសេចក្តីសម្រេចរបស់តុលាការរដ្ឋប្បវេណី។
ឯកឧត្តម កើត រិទ្ធ មានប្រសាសន៍ថា ស្ថិតក្នុងដំណាក់កាលរីករាលជំងឺកូវីដ-១៩កន្លងទៅ បានប៉ះពាល់ដល់ដំណើរការ និងប្រសិទ្ធភាពក្នុងវិស័យយុត្តិធម៌ ប៉ុន្តែក្រសួងយុត្តិធម៌ ជាពិសេសឧត្តមក្រុមប្រឹក្សា អង្គចៅក្រម បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតច្បាប់គតិយុត្តសំខាន់ៗ ដើម្បីជាប្រយោជន៍ដល់ការអនុវត្តវិធានការច្បាប់ប្រយុទ្ធប្រឆាំងនឹងរាតត្បាតពីជំងឺកូវីដ-១៩។
ជាមួយនឹងការកំណត់វិស័យយុត្តិធម៌ជាកំណែទម្រង់អាទិភាពរបស់រាជរដ្ឋាភិបាល ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា ការកសាងទំនុកចិត្តសាធារណៈជូនប្រជាពលរដ្ឋ របស់អំណាចតុលាការ ជាការរួមចំណែកដល់ការរក្សាបាននូវសន្តិសុខ ស្ថិរភាព និងសន្តិភាព។
ឯកឧត្តម បានបន្តថា ប្រសិនមិនមានការកសាងទំនុកចិត្តតុលាការនោះទេ វិវាទ និងទំនាស់ ចំពោះ តុលាការ អាចកើតមានឡើងគ្រប់ពេលវេលា។
ឯកឧត្តម កើត រិទ្ធ បានបន្ថែមថា ក្រសួងយុត្តិធម៌ ជាសេនាធិការឲ្យរាជរដ្ឋាភិបាល ទទួលសបន្ទុក អនុវត្តកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ពិសេសប្រព័ន្ធច្បាប់ ដែលមានពាក់ព័ន្ធនឹងវិស័យតុលាការ គឺជាមូលដ្ឋានគ្រឹះ នៃការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងបុគ្គលគ្រប់រូប ដោយគ្មានការរើសអើងនៅក្នុងដែនសមត្ថកិច្ច៕ អត្ថបទ៖ សេក ឧត្តម