ក្រុមប្រទេសអាស៊ីអាគ្នេយ៍ កំពុងសម្លឹងលើគោលបំណងសម្របសម្រួលការឆ្លើយតបរបស់ខ្លួនកាន់តែប្រសើរឡើងចំពោះវិបត្តិនាពេលអនាគត ដោយទទួលយកមេរៀនពីជម្លោះកំពុងបន្តនៅមជ្ឈិមបូព៌ា ដែលបានធ្វើឱ្យថាមពល និងការផ្គត់ផ្គង់ផ្សេងទៀតត្រូវបានរឹតបន្តឹង និងធ្វើឱ្យទីផ្សារក្នុងតំបន់មានភាពច្របូកច្របល់។

រដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ចនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ ៧ ឧសភា សប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍ "ពិធីសារប្រាស្រ័យទាក់ទងពេលមានវិបត្តិ"កម្រិតរដ្ឋមន្ត្រី ដើម្បីធានា "ការឆ្លើយតបដែលស៊ីសង្វាក់គ្នា ទាន់ពេលវេលា និងសម្របសម្រួល" ចំពោះវិបត្តិនានា។

យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ក្រុមរដ្ឋមន្ត្រីក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរលើផលវិបាកក្នុងតំបន់កាន់តែទូលំទូលាយនៃសង្គ្រាមមជ្ឈិមបូព៌ា។
ក្រុមរដ្ឋមន្ត្រីបានកំណត់វិធានការឆ្លើយតបជាក់ស្តែង និងរឹងមាំលើការពង្រឹងសន្តិសុខថាមពល ការការពារសន្តិសុខស្បៀង និងការសម្របសម្រួលការឆ្លើយតបមនុស្សធម៌។
សេចក្តីថ្លែងការណ៍បាននិយាយថា "សំណើមួយចំនួនដែលបានលើកឡើងគ្របដណ្តប់លើការធ្វើពិពិធកម្មប្រភពថាមពល អ្នកផ្គត់ផ្គង់ និងផ្លូវ ដោយការបង្កើនការត្រួតពិនិត្យស្បៀងអាហារ ការចែករំលែកព័ត៌មាន និងវិធានការត្រៀមរៀបចំ និងការពង្រឹងពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងប្លុកអាស៊ាន។កិច្ចប្រជុំកំពូល ដែលប្រទេសហ្វីលីពីនជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះនៅឆ្នាំនេះក្នុងខេត្តសេប៊ូ (Cebu) ជាកោះស្ថិតនៅភាគកណ្តាលប្រទេស បានធ្វើឡើងស្របពេលមានជម្លោះនៅមជ្ឈិមបូព៌ា ដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់៕

