លោក អ៊ុង តារា គ្រូបង្វឹកក្រុមបាល់ទាត់កុមារា នៃខេត្តស្វាយរៀង បានដាក់គោលដៅលេង ១២០% សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្រ ទល់ក្រុមបាល់ទាត់កុមារារាជធានីភ្នំពេញ នៃកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ នាថ្ងៃទី៩ ខែឧសភាស្អែកនេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។
ការប្ដេជ្ញាចិត្តនេះ បន្ទាប់ពីលោកបានដឹកនាំក្រុម យកឈ្នះក្រុមបាល់ទាត់កុមារាខេត្តក្រចេះ ដោយលទ្ធផល ៣-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្របពេលក្រុមកុមារារាជធានីភ្នំពេញ បានយកឈ្នះខេត្តបន្ទាយមានជ័យ ១-០ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។

លោក អ៊ុង តារា បានសម្ដែងក្ដីរីករាយ ដែលកូនក្រុមធ្វើបានល្អក្នុងវគ្គប្រជុំដោយក្រុមខ្លាំងៗ ហើយលោកនឹងព្យាយាមបំពេញនូវចំណុចខ្វះខាត ជាមួយការប្ដេជ្ញាជំរុញក្រុមលេងឲ្យអស់ពីលទ្ធភាពដែលអាចធ្វើបាន នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីសម្រេចគោលដៅដណ្ដើមមេដាយមាសជូនខេត្ត។

ជាមួយគ្នាកុមារា សុខ ស៊ីឈូ ក៏បានសម្ដែងការសប្បាយរីករាយផងដែរ ដែលបានរួមចំណែកជួយក្រុមខ្លួនឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយសង្ឃឹមថា មិត្តរួមក្រុមនឹងបន្ដធ្វើបានល្អ ក្នុងការប្រកួតដ៏សំខាន់ចុងក្រោយ ដើម្បីទទួលបានមេដាយមាសផងដែរ។
គួរដឹងថា វិញ្ញាសាបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ បានរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ និងត្រូវប្រកួតកាត់សេចក្ដី នៅព្រឹកថ្ងៃទី៩ ខែឧសភាដូចគ្នា ក្នុងនោះផ្នែកបុរស គឺក្រុមបាល់ទាត់កុមារាខេត្តស្វាយរៀង ត្រូវជួបរាជធានីភ្នំពេញ គ្រាដែលផ្នែកនារី ក្រុមកុមារីខេត្តស្វាយរៀង ត្រូវជួបកុមារីខេត្តកំពង់ស្ពឺ៕ អត្ថបទ លី ឈុនឡា

