នគរបាលប្រទេសបូលីវី បានបើកប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក នៅក្នុងតំបន់ Santa Cruz ភាគខាងកើត បន្ទាប់ពីមានករណីឃាតកម្មស៊ីឈ្នួលជាបន្តបន្ទាប់ ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងប្រទេសតំបន់ភ្នំអង់មួយនេះ។

ប្រតិបត្តិការ «Plan Halcon» ដែលចូលរួមដោយនគរបាល និងកងកម្លាំងប្រដាប់អាវុធបូលីវី មានបំណងពង្រឹងសន្តិសុខសាធារណៈជាមួយនឹងប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវ និងនៅប៉ុស្តិ៍ព្រំដែនដែលមានអត្រាឧក្រិដ្ឋកម្មខ្ពស់។
ទីភ្នាក់ងារសារព័ត៌មានរបស់ប្រទេសបូលីវី បានរាយការណ៍ថា មន្ត្រីនគរបាលប្រហែល៦០០នាក់ ត្រូវបានដាក់ពង្រាយនៅតំបន់ Santa Cruz ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់១២នាក់ត្រូវបានបាញ់សម្លាប់ដោយឃាតករស៊ីឈ្នួលនៅឆ្នាំនេះ រួមទាំងការបាញ់សម្លាប់ចៅក្រមម្នាក់ កាលពីថ្ងៃទី៣០ ខែមេសា ។