ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ថា ការប្រកាសរបស់រុស្ស៊ីអំពីបទឈប់បាញ់មានពេលកំណត់សម្រាប់តែពិធីរំលឹកសង្គ្រាមលោកលើកទី២ បានបង្ហាញមូលហេតុ «ចម្លែក និងមិនសមស្រប» របស់មេដឹកនាំប្រទេសនេះ។

លោក Zelenskyy ដែលបានថ្លែងនៅក្នុងសុន្ទរកថាតាមវីដេអូនៅពេលយប់របស់លោក បាននិយាយថា សហរដ្ឋអាមេរិក អាចគាំទ្រសន្តិភាពនៅអឺរ៉ុបបានល្អបំផុត ដូចដែលខ្លួនបានធ្វើក្នុងអំឡុងសង្គ្រាមលោកលើកទី២ ដោយបង្ហាញ «ជំហរយុត្តិធម៌ និងរឹងមាំប្រឆាំងនឹងអ្នកឈ្លានពាន»។

លោក Zelenskyy និយាយថា «ពួកគេចង់បានការអនុញ្ញាតពីអ៊ុយក្រែនដើម្បីរៀបចំក្បួនព្យុហយាត្រារបស់ខ្លួន ដូច្នេះឱ្យពួកគេអាចដើរតាមដងផ្លូវដោយសុវត្ថិភាពរយៈពេលមួយម៉ោង ម្តងក្នុងមួយឆ្នាំ ហើយបន្ទាប់មកត្រឡប់ទៅរកការសម្លាប់ សម្លាប់ប្រជាជនរបស់យើង និងធ្វើសង្គ្រាមវិញ»។
ការលើកឡើងរបស់លោក Zelenskyy ទំនងជាត្រូវបានត្រៀមនៅមុនពេលក្រសួងការពារជាតិរុស្ស៊ី បានប្រកាសបទឈប់បាញ់ដែលបានបន្ថែមពេល ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី៨ ខែឧសភា រហូតដល់ថ្ងៃទី ១០ខែឧសភា ដើម្បីប្រារព្ធខួបនៃការបរាជ័យរបស់ណាស៊ីអាល្លឺម៉ង់ ជាអ្វីដែលរុស្ស៊ីហៅថា សង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ។