រុស្ស៊ី៖ រុស្ស៊ីបានព្រមានប្រទេសហ្វាំងឡង់ និងស៊ុយអែតទល់នឹងការចូលជាសមាជិកសម្ព័ន្ធយោធាណាតូ ដោយលើកឡើងថា សកម្មភាពនេះនឹងមិននាំឲ្យមានស្ថិរភាពដល់អឺរ៉ុបឡើយ។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ក្រុមអ្នកយកសារព័ត៌មានថា សម្ព័ន្ធនេះនៅតែជាឧបករណ៍ឈានទៅរកការប្រឈមដាក់គ្នា។
ការព្រមាននេះមានឡើង ខណៈក្រុមមន្ត្រីអាមេរិកនិយាយថា ការវាយប្រហាររបស់រុស្ស៊ីចូលអ៊ុយក្រែនគឺជាកំហុសយុទ្ធសាស្ត្រដ៏ធំ ដែលទំនងជានាំមកនូវការពង្រីកឥទ្ធិពលយោធារបស់សម្ព័ន្ធយោធាណាតូទៅវិញ។ ក្រុមមន្ត្រីអាមេរិករំពឹងថា ប្រទេសជិតខាងនៅតំបន់អឺរ៉ុបខាងជើងទាំង២ នឹងក្លាយជាសមាជិករបស់សម្ព័ន្ធនេះនៅត្រឹមខែមិថុនា។ ទីក្រុង Washington ត្រូវគេជឿថានឹងគាំទ្រសកម្មភាពដែលនឹងមើលឃើញ សម្ព័ន្ធលោកខាងលិចកើនសមាជិកដល់ ៣២ប្រទេស។ ក្រុមមន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយកាលពីសប្ដាហ៍មុនថា ការពិភាក្សានានាបានកើតឡើងរវាងបណ្ដាមេដឹកនាំសម្ព័ន្ធណាតូ និងរដ្ឋមន្ត្រីការបរទេសមកពីទីក្រុង Helsinki ប្រទេសហ្វាំងឡង់ និងទីក្រុង Stockholm ប្រទេសស៊ុយអែត៕
អត្ថបទ៖ សុខមាន