ភាពតានតឹងនៅ Real Madrid បានផ្ទុះឡើងកាន់តែខ្លាំង កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីខ្សែបម្រើ Federico Valverde និង Aurélien Tchouaméni បានប៉ះទង្គិចគ្នាក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ រហូតធ្វើឱ្យកីឡាករអ៊ុយរូហ្គាយរងរបួសក្បាល និងត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

តាមប្រភពជាច្រើននៅក្នុងក្លិប Real Madrid បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅមជ្ឈមណ្ឌលហ្វឹកហាត់ Ciudad Real Madrid ក្នុងតំបន់ Valdebebas មួយថ្ងៃបន្ទាប់ពីអ្នកទាំងពីរមានជម្លោះពាក្យសម្តីជាមួយគ្នាជាមុន។
ក្រោយមក Real Madrid បានចេញសេចក្តីប្រកាសបញ្ជាក់ថា ប្រធានក្រុម Valverde បានរងរបួសក្បាល និងត្រូវសម្រាកព្យាបាលប្រហែលពីរសប្តាហ៍។
អ្នកនាំពាក្យរបស់ក្លិបបានប្រាប់ Reuters ថាក្លិបមិនធ្វើអត្ថាធិប្បាយលើបញ្ហាផ្ទៃក្នុងរបស់ខ្លួនឡើយ ប៉ុន្តែបានបញ្ជាក់ថា មានការបើកនីតិវិធីវិន័យចំពោះកីឡាករទាំងពីរ ហើយនិងបានបង្កឱ្យមានកិច្ចប្រជុំបន្ទាន់មួយ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្លិបផងដែរ។
បញ្ហាភាពច្របូកច្របល់នៅក្នុងក្រុមនេះ កើតឡើងបន្ទាប់ពីមានជម្លោះមួយផ្សេងទៀតកាលពីដើមសប្តាហ៍ រវាងខ្សែការពារ Álvaro Carreras និង Antonio Rüdiger។ Carreras បានទទួលស្គាល់ថា ពិតជាមានការឈ្លោះប្រកែកគ្នាមែន ប៉ុន្តែបានអះអាងថា វាគ្រាន់តែជាហេតុការណ៍តូចតាច និងត្រូវបានដោះស្រាយរួចរាល់ហើយ។
រដូវកាលរបស់ Real Madrid កំពុងជួបវិបត្តិយ៉ាងខ្លាំងលើគ្រប់ផ្នែក។ អតីតគ្រូបង្វឹក Xabi Alonso ត្រូវបានបណ្តេញចេញពាក់កណ្តាលរដូវកាល ខណៈអ្នកស្នងតំណែង Álvaro Arbeloa ក៏មិនអាចជួយក្រុមឱ្យត្រឡប់មករកភាពជោគជ័យវិញបានដែរ។
បន្ទាប់ពីធ្លាក់វគ្គ ៨ ក្រុមចុងក្រោយ Champions League ក្រោមថ្វីជើង Bayern Munich បច្ចុប្បន្ន Real Madrid កំពុងដេញតាមក្រុមកំពូលតារាង Barcelona ១១ ពិន្ទុនៅ La Liga ខណៈនៅសល់តែ ៤ ប្រកួតប៉ុណ្ណោះ។
ក្រុមយក្សទាំងពីរ នឹងត្រូវជួបគ្នាក្នុងការប្រកួត El Clasico នៅទឹកដី Barcelona នៅថ្ងៃអាទិត្យ ដែលអាចក្លាយជាការប្រកួតសម្រេចជើងឯកសម្រាប់ Barcelona ផងដែរ៕ អត្ថបទ៖នាង សុភាវុធ
