វិទ្យាស្ថាន Atlantic Council របស់សហរសហរដ្ឋអាមេរិក បានចុះផ្សាយកាលពីថ្ងៃទី៧ ខែឧសភា សប្ដាហ៍នេះ ដោយនិយាយថា សប្តាហ៍ក្រោយ ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping នឹងដើរជាមួយគ្នាម្តងទៀតនៅលើកំរាលព្រំក្រហមនៃសាលប្រជុំ Great Hall of the People។

នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ដែលនឹងធ្វើឡើងបន្ទាប់ មេដឹកនាំមហាអំណាចទាំងពីរនឹងពិភាក្សាអំពីទំនាក់ទំនងដ៏តានតឹងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។ ហើយមានចំណុចជាច្រើនដែលត្រូវពិភាក្សា ជាពិសេសលើផ្នែកសេដ្ឋកិច្ច។
សម្រាប់ជម្លោះនៅមជ្ឈិមបូព៌ា ដែលដំបូងឡើយបានជំរុញឱ្យមានការពន្យារពេលកិច្ចប្រជុំកំពូលកាលពីដើមខែមេសា ទៅពាក់កណ្តាលខែឧសភា វិញ នៅតែបន្តបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្មសកល និងទំនាក់ទំនងអាមេរិក-ចិន។ កាលពីខែមុន រដ្ឋបាលអាមេរិក បានដាក់ទណ្ឌកម្មលើរោងចក្រចម្រាញ់ប្រេងចំនួនប្រាំរបស់ចិន ដោយសារតែការទិញប្រេងរបស់អ៊ីរ៉ង់។ កាលពីចុងសប្តាហ៍មុន ទីក្រុងប៉េកាំងបានឆ្លើយតបដោយលើកឡើងពីច្បាប់ចិនក្នុងការការពារក្រុមហ៊ុននានាទូទាំងប្រទេស ដែលបន្តធ្វើអាជីវកម្មជាមួយរោងចក្រទាំងនេះ ជាការប្រឆាំងនឹងវិធានការរបស់ទីក្រុងវ៉ាស៊ីនតោន។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលនៅតែជាបញ្ហាចម្បង ខណៈកិច្ចប្រជុំកំពូលរវាងលោក Trumpនិងលោក Xi កាន់តែខិតជិតមកដល់ គឺពាណិជ្ជកម្ម។ ទោះបីជារដ្ឋបាលអាមេរិកមិនត្រូវបានគេរំពឹងថានឹងធ្វើការប្រកាសសំខាន់ៗណាមួយមុនពេលដំណើរទស្សនកិច្ចរបស់លោក Trump ទៅកាន់ទីក្រុងប៉េកាំងក៏ដោយ ក៏កំពុងបោះជំហានយ៉ាងឆាប់រហ័សដើម្បីដាក់ពន្ធនាំចូលថ្មីលើទំនិញចិន។ ពន្ធថ្មីទាំងនេះត្រូវគេរំពឹងទុកនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ហើយដូចដែលបានបង្ហាញដោយការបដិសេធទណ្ឌកម្មរបស់សហរដ្ឋអាមេរិកថ្មីៗនេះ ប្រទេសចិននឹងមិនស្ទាក់ស្ទើរក្នុងការឆ្លើយតបវិញចំពោះអ្វីដែលខ្លួនមើលឃើញថាជាការធ្វើជ្រុលហួសហេតុខាងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនោះទេ។ អ្វីដែលភាគីទាំងពីរអាចព្រមព្រៀងគ្នានៅទីក្រុងប៉េកាំងលើការគ្រប់គ្រងការនាំចេញសំខាន់ៗ ឬកិច្ចព្រមព្រៀងទិញនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់របៀបដែលសេតវិមានចាត់វិធានការកសាងជញ្ជាំងពន្ធរបស់ខ្លួនឡើងវិញ៕

