រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយថា ចរាចរណ៍ផ្លូវសមុទ្រនៅច្រកសមុទ្រហ័រមូស នឹងវិលមករកភាពធម្មតាឡើងវិញ លុះត្រាតែសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវបានបញ្ឈប់ជាអចិន្ត្រៃយ៍ ហើយការបិទផ្លូវដោយកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក និងទណ្ឌកម្ម «ខុសច្បាប់» ប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវបានដកទាំងស្រុង។

នៅក្នុងលិខិតមួយផ្ញើទៅកាន់អង្គការសហប្រជាជាតិ (UN) លោក Araghchi បានរិះគន់សេចក្តីព្រាងសេចក្តីសម្រេច «ឯកតោភាគី និងបង្កហេតុ» ដែលបានបង្ហាញដល់ក្រុមប្រឹក្សាសន្តិសុខដោយសហរដ្ឋអាមេរិក និងបារ៉ែន អំពីស្ថានភាពនៅច្រកសមុទ្រហ័រមូស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់កាលថ្ងៃព្រហស្បតិ៍។
សហរដ្ឋអាមេរិក និងរដ្ឋអារ៉ាប់មួយចំនួន បានជួបប្រជុំគ្នានៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីសេចក្តីសម្រេចថ្មី ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រនេះ។
ក្នុងចំណោមបញ្ហាផ្សេងទៀត សេចក្តីព្រាងសេចក្តីសម្រេចនេះ ជំរុញឲ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារ ដាក់មីន និងការយកថ្លៃសេវាពីនាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស៕
