ក្រសួងរតនាគារ បាននិយាយថា សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើអនុរដ្ឋមន្ត្រីប្រេង និងកងជីវពលអ៊ីរ៉ាក់ ជុំវិញការគាំទ្រអ៊ីរ៉ង់។
ក្រសួងរតនាគារបានចោទប្រកាន់អនុរដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali Maarij Al-Bahadly ពីបទរំលោភលើ «តំណែងរបស់លោក ដើម្បីសម្រួលដល់ការបង្វែរប្រេង ដើម្បីលក់សម្រាប់ផលប្រយោជន៍របស់របបអ៊ីរ៉ង់ និងកងជីវពលតំណាងរបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់»។

ក្រសួងប្រេង និងអនុរដ្ឋមន្ត្រីអ៊ីរ៉ាក់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
កាលពីខែមីនា រដ្ឋមន្ត្រីប្រេងអ៊ីរ៉ាក់ លោក Hayan Abdel-Ghani បាននិយាយថា នាវាដឹកប្រេងអ៊ីរ៉ង់ ដែលត្រូវបានកងកម្លាំងអាមេរិកបញ្ឈប់នៅឈូងសមុទ្រ បានប្រើប្រាស់ឯកសារអ៊ីរ៉ាក់ក្លែងក្លាយ។ ទីក្រុងតេអេរ៉ង់ បានបដិសេធថា មិនបានប្រើប្រាស់ឯកសារបែបនេះទេ។
ការសម្រេចដាក់ទណ្ឌកម្មអនុរដ្ឋមន្ត្រីរូបនេះ បានកើតឡើង ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុង ជិតឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្ន ដើម្បីបញ្ឈប់សង្គ្រាម ដោយទីក្រុងតេអេរ៉ង់ កំពុងពិនិត្យឡើងវិញនូវសំណើមួយ ដែលនឹងបញ្ឈប់ការប្រយុទ្ធគ្នា ប៉ុន្តែទុកបញ្ហាចម្រូងចម្រាសបំផុត មិនទាន់ដោះស្រាយបាន៕
