កណ្ដាល៖ មកដល់ថ្ងៃនេះ នៅសួនច្បារទន្លេបាសាក់ក្រុងតាខ្មៅ គេឃើញថា អាជ្ញាធរមូលដ្ឋាន បានដាក់គ្រឿងតុបតែង និងភ្លើងពណ៌លំអរសួនច្រើនកន្លែង ដើម្បីត្រៀមរៀបចំកម្មវិធីបើកសង្ក្រាន្តខេត្តកណ្តាល នៅថ្ងៃទី១៤ខែមេសានេះ ហើយទិដ្ឋភាពនេះ បាននិងកំពុងទាក់ទាញពលរដ្ឋមកពីទីជិតឆ្ងាយ មកដើរលេងកម្សាន្តជាបណ្តើរៗ។
ពលរដ្ឋ បានថ្លែងប្រាប់BTV នៅល្ងាចថ្ងៃទី១១ខែមេសានេះថា បន្ទាប់ពីមានតុបតែងគ្រឿងលំអរសួនដែលមានដាក់ការដាក់ភ្លើងពណ៌ចំរុះមក បានធ្វើអោយសួនក្រុងតាខ្មៅ មានសោភ័ណភាពសា្អត និងមានភាពទាក់ទាញ ហើយពលរដ្ឋទាំងនោះក៏បានថ្លែងថា នៅពេលនេះគេបានត្រៀមរួចហើយ នឹងមកចូលរួមលេងល្បែងប្រជាប្រិយកម្សាន្ត ចូលរួមរាំងស្គរដី និងមើលឃើញល្ខោន មើលការសំដែងសិល្បៈ ដែលជាកេរមរតកវប្បធម៌ខ្មែរកើតចេញពីទឹកដីខេត្តកណ្តាល។
បើតាមលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានថ្លែងថា មកដល់ពេលនេះ សួនក្រុងតាខ្មៅដែលជាទីតាំងរៀបចំកម្មវិធីសង្ក្រាន្តដ៏ធំជាងគេរបស់ខេត្តកណ្តាល ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ខានស្អែកនេះ គឺយើងបានរៀបចំបានជាង៩០% ហើយយើងរំពឹងថា នៅថ្ងៃបើកកម្មវិធីសង្ក្រាន្តឈានចូលមកដល់ នឹងមានពលរដ្ឋអញ្ជើញចូលរួមច្រើនកើនលើសកាលពីពីរឆ្នាំមុន។
លោកជំទាវ បន្តថា សម្រាប់ពលរដ្ឋដែលចូលរួមកម្មវិធីសង្ក្រាន្តខេត្តកណ្តាលនេះ គឺយើងតម្រូវអោយអ្នកចូលរួមទាំងអស់ត្រូវធ្វើការពាក់ម៉ាស់ការពារខ្លួនចៀសផុតពីការឆ្លងមេរោគកូវីដទាំងអស់គ្នា ហើយរដ្ឋបាលខេត្តកណ្តាល នឹងមានផ្តល់ម៉ាស់ជូនអ្នកចូលរួមណាមិនមានម៉ាស់ពាក់ ហើយយើងក៏មានដាក់ក្រុមពេទ្យ ដើម្បីរងចាំពិនិត្យសុខភាព និងព្យាបាលជំងឺជូនអ្នកចូលរួម ហើយនឹងមានការចាក់វ៉ាក់សាំងការពារកូវីដ១៩នៅគ្រប់ដូសទាំងអស់ ប្រសិនបើពលរដ្ឋដែលចូលរួមណាចង់ចាក់វ៉ាក់សាំងនេះ នៅក្នុងអំឡុងពេលចូលមកដើរកម្សាន្តសង្ក្រាន្តនៅសួនច្បារក្រុងតាខ្មៅនេះ៕អត្ថបទ ស៊ុមសុខជា