
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធចំនួនជាង៦០០គ្រួសារ រស់នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំពេញក្រវាញ ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានពាំនាំការផ្តាំផ្ញើសព្វសាធុការពរពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ មានសុខភាពល្អ និងជួបប្រទះនូវសសេចក្តីសុខ សេចក្តីចម្រើន ដើម្បីបន្តទទួលបាននូវសមិទ្ធផលបន្ថែមក្រោមម្លប់សុខសន្តិភាពដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
នាឱកាសនោះ ឯកឧត្តម គន់ គីម បានក្រើនរំលឹកដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ត្រូវប្រើប្រាស់ដីសម្បទានសង្គមកិច្ច ដើម្បីអាស្រ័យផលដំណាំផ្សេងៗ ក្នុងការចិញ្ចឹមជីវភាពក្រុមគ្រួសារឲ្យបានល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ ធ្វើឲ្យការងារសមាគមមានសន្ទុះវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ ឯកឧត្តម បានណែនាំឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខ អតីតយុទ្ធជនដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ពេលមានបញ្ហាឲ្យទាន់ពេលវេលា។
ឯកឧត្តម គន់ គីម បានបន្ថែមថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារកម្ពុជា មានសន្តិភាព ហេតុនេះទើបយើងត្រូវអរគុណសន្តិភាព និងដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព៕









