សប្បុរសជនលើកឡើងថា ពួកគាត់មានមោទនភាព ដែលបានរួមចំណែក ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ តាមរយៈការបរិច្ចាគធនធាន ជូនកាកបាទក្រហមកម្ពុជា ក្នុងការបំពេញបេសកកម្មមនុស្សធម៌។ មន្រ្ដីជាន់ខ្ពស់កាកបាទក្រហម បញ្ជាក់ថា តាមរយៈការបំពេញកិច្ចការដ៏សកម្ម សប្បុរសជន បន្តចូលរួមយ៉ាងទូលំទូលាយទាំងវិស័យឯកជន និងសាធារណៈ។

លោកជំទាវ ង៉ែត វិបុលបុប្ផា សប្បុរសជនដែលតែងតែបរិច្ចាគជូនកាកបាទក្រហមកម្ពុជា បានប្រាប់ BTV នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ ថា លោកជំទាវ បានចាប់ផ្ដើមបរិច្ចាគធនធាន និងគោរពស្នើសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម សុំចូលជាសមាជិកកាកបាទក្រហម កាលពីឆ្នាំតាំងពី២០១៧។ តាមរយៈការបរិច្ចាគធនធាន និងចូលរួមជាង ១០ឆ្នាំមកនេះ ក្នុងនាមតំណាងសប្បុរសជន គឺពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះកាកបាទក្រហម ដែលគ្រប់ពេលវេលា តែងតែជួយសង្រ្គោះពលរដ្ឋក្រីក្រ ជួបការលំបាក លឿនរហ័ស និងទាន់ពេលវេលា។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហម មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដឹកនាំកាកបាទក្រហម បំពេញកិច្ចការមនុស្សធម៌ ជួយពលរដ្ឋជួបការលំបាកទាំងនៅកម្ពុជា និងរួមចំណែកជួយដល់ប្រទេសដទៃដែលជួបរគ្រោះទុរភិក្ស។ ហេតុដូច្នេះហើយ ទើបសប្បុរសជនទាំងក្នុងវិស័យឯកជន និងសាធារណៈ បន្តចូលរួមយ៉ាងទូលំទូលាយជាមួយកាកបាទក្រហមកម្ពុជា។

សូមជម្រាបជូនថា នៅក្នុងឆ្នាំ២០២៦នេះ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ០៨ ឧសភា បានឈានដល់ខួបលើកទី១៦៣ ហើយ ដែលប្រារព្វឡើង ក្រោមមូលបទ “បន្តរួមគ្នា ដើម្បីមនុស្សធម៌”។ តាមការបញ្ជាក់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្រ្ដៃយ៍ កាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្នុងពិធីសំណេះសំណាល និងទទួលថវិកាពីសប្បុរសជន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ មានសប្បុរសជនចំនួន ៥៩៥អង្គ/នាក់ បានចូលរួម ដែលទទួលបានថវិកាសរុបជាង ៨លានដុល្លារ (៨.៩៧៣.៣៧៨ដុល្លារ)៕ អត្ថបទ៖ លៀ ស៊ីណា