ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានទៅត្រួតពិនិត្យការផលិតកាំភ្លើងធំថ្មីអាចបាញ់បានចម្ងាយលើសពី ៦០គីឡូម៉ែត្រ ដែលនឹងត្រូវបានដាក់ពង្រាយនៅព្រំដែនកូរ៉េខាងត្បូង និងជំរុញសមត្ថភាពរបស់អាវុធនេះ ដើម្បីវាយប្រហារដល់ទីក្រុងសេអ៊ូល និងគោលដៅផ្សេងៗទៀត។
ប្រព័ន្ធផ្សព្វផ្សាយ KCNA បានរាយការណ៍ លោក គីម បាននិយាយថា ការពង្រីកចម្ងាយបាញ់នៃកាំភ្លើងធំស្វ័យប្រវត្តិទំហំ ១៥៥មីលីម៉ែត្រថ្មីនេះ «នឹងផ្តល់នូវការផ្លាស់ប្តូរ និងអត្ថប្រយោជន៍ដ៏អស្ចារ្យ នៅក្នុងប្រតិបត្តិការថ្មើរជើងរបស់កងទ័ពរបស់យើង»។

គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ កូរ៉េខាងជើងបានអភិវឌ្ឍអាវុធយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងនោះរួមទាំងមីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយ ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងបាញ់ទៅដល់ដីគោករបស់សហរដ្ឋអាមេរិក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសនេះក៏បានពង្រីកផងដែរនូវឃ្លាំងអាវុធធម្មតារបស់ខ្លួន។
មន្ត្រី និងអ្នកជំនាញកូរ៉េខាងត្បូង បានឲ្យដឹងថា ការផ្គត់ផ្គង់មីស៊ីល និងកាំភ្លើងធំរបស់កូរ៉េខាងជើងដល់រុស្ស៊ី ដើម្បីគាំទ្រដល់សង្គ្រាម ប្រឆាំងនឹងអ៊ុយក្រែន បានផ្តល់ឲ្យប្រទេសនេះនូវទិន្នន័យសមរភូមិដ៏មានតម្លៃ ពាក់ព័ន្ធនឹងអាវុធរបស់ខ្លួន៕
