នគរបាលទួរគីនៅថ្ងៃសុក្រនេះ បានចាប់ខ្លួនមនុស្ស ២៩នាក់ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការចោទប្រកាន់ពីបទពុករលួយនៅក្រុងអ៊ីស្តង់ប៊ុលដែលគ្រប់គ្រងដោយគណបក្សប្រឆាំង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
អភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu ដែលជាគូប្រជែងសំខាន់របស់លោកប្រធានាធិបតី រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) ត្រូវបានជាប់ពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំ ហើយត្រូវបានចោទប្រកាន់ពីបទដឹកនាំបណ្តាញឧក្រិដ្ឋជនដ៏ធំមួយ។

លោក Imamoglu បច្ចុប្បន្ន កំពុងស្ថិតក្នុងដំណើរការកាត់ទោស រួមជាមួយជនជាប់ចោទរួមចំនួន ៤១៣ នាក់។
ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយពីការិយាល័យរដ្ឋអាជ្ញាជាន់ខ្ពស់នៃទីក្រុងអ៊ីស្តង់ប៊ុល ទីភ្នាក់ងារសារព័ត៌មាន Anadolu ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា អាជ្ញាធរបានចាប់ផ្តើមការស៊ើបអង្កេតលើ «សកម្មភាពរបស់អង្គការឧក្រិដ្ឋកម្ម ដែលបង្កើតឡើងក្រោមការដឹកនាំរបស់លោក Ekrem Imamoglu»។
រដ្ឋអាជ្ញាបានចេញដីកាចាប់ខ្លួនជនសង្ស័យចំនួន ៣០នាក់។ របាយការណ៍នេះ បានបញ្ជាក់ថា មនុស្ស ២៩ នាក់ ត្រូវបានឃុំខ្លួន ខណៈដែលម្នាក់ កំពុងនៅក្រៅប្រទេស៕
