រឿងអាស្រូវច្បាប់អាជ្ញាសឹករបស់ប្រទេសកូរ៉េខាងត្បូង នឹងមានឥទ្ធិពលកាន់តែធំឡើងៗ លើការបោះឆ្នោតមូលដ្ឋាន នៅក្នុងខែមិថុនា ជាដំណើរការដែលនឹងសាកល្បងថា តើក្រុមប្រឆាំងអភិរក្សនិយម អាចគ្រប់គ្រងរារាំងគណបក្សកាន់អំណាចរបស់ប្រធានាធិបតី លោក Lee Jae Myung បានដែរ ឬទេ។

ការប្រកួតប្រជែងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីដណ្ដើមតំណែងអភិបាលក្រុង និងអភិបាលខេត្តចំនួន ១៦ របស់កូរ៉េខាងត្បូង គឺជាការបោះឆ្នោតទូទាំងប្រទេសជាលើកដំបូង ចាប់តាំងពីលោក Lee បានឡើងកាន់អំណាច ក្រោយការបោះឆ្នោតមុនអាណត្តិ កាលពីឆ្នាំមុន បន្ទាប់ពីអតីតប្រធានាធិបតីជួបនឹងភាពអាម៉ាស់ លោក Yoon Suk Yeol មកពីគណបក្សអភិរក្សនិយម គឺអំណាចប្រជាជន (PPP) បានដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លីក្នុងឆ្នាំ២០២៤។
លោក Yoon ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងខែកុម្ភៈ ពីបទរៀបចំការបះបោរ ហើយប្រឈមនឹងការកាត់ក្តីយ៉ាងហោចណាស់ ៧ករណីផ្សេងទៀត។
គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យ (DP) របស់លោក Lee គ្រប់គ្រងការិយាល័យប្រធានាធិបតី និងសភារួចហើយ ដូច្នេះការមានជ័យជម្នះជាមួយនឹងសំឡេងដ៏ច្រើន នៅក្នុងការបោះឆ្នោតមូលដ្ឋាននេះ នឹងធ្វើឲ្យក្រុមប្រជាធិបតេយ្យមានឥទ្ធិពលនយោបាយកាន់តែខ្លាំងបំផុត ដែលមិនមានគណបក្សណាមួយធ្វើបានឡើយ ចាប់តាំងពីឆ្នាំ២០២០ មក។
ក្រុមស្តាំនិយមរបស់កូរ៉េខាងត្បូង ស្ថិតក្នុងភាពច្របូកច្របល់ ចាប់តាំងពីការប៉ុនប៉ងចេញច្បាប់អាជ្ញាសឹកនោះ ហើយជម្លោះផ្ទៃក្នុង ជុំវិញបញ្ហានេះ បានបង្កើតឲ្យមានការបែកខ្ញែកនៅក្នុងគណបក្ស PPP។ អ្នកនយោបាយអភិរក្សនិយម មានរយៈពេលត្រឹមតែ ១ខែប៉ុណ្ណោះ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឲ្យពួកគេជឿថា ខ្លួនគឺជាជម្រើសដ៏គួរឲ្យទុកចិត្ត ប៉ុន្តែអ្នកវិភាគបានព្យាករថា ក្រុមនេះកំពុងឆ្ពោះទៅរកការបរាជ័យយ៉ាងធ្ងន់ធ្ងរ៕
